ភ្នំពេញ៖ ពិធីបុណ្យកាន់បិណ្ឌបានឈានដល់បិណ្ឌទី១០ គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ខណៈពិធីបុណ្យភ្ជុំបិណ្ឌ ឬ «ថ្ងៃភ្ជុំធំ» នឹងឈានមកដល់នៅថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦។ រយៈពេល ១៥ ថ្ងៃនៃពិធីបុណ្យប្រពៃណីជាតិនេះ បានបង្កើតឱ្យមានការចំណាយលើសម្លៀកបំពាក់ ម្ហូបអាហារ ការធ្វើបុណ្យ ចែកទាន និងការធ្វើដំណើរកម្សាន្ត។
ចរន្តប្រាក់រៀលចេញពីគណនីធនាគារ និងហោប៉ៅផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋដែលកំពុងប្រកបការងារនៅរាជធានីភ្នំពេញ និងខេត្តសេដ្ឋកិច្ចធំៗរបស់កម្ពុជា បានហូរទៅដល់ទីជនបទ នៅអំឡុងពេលនេះ។ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ទោះបីប្រជាពលរដ្ឋមួយចំនួនបន្តចាយវាយត្បិតត្បៀត ក្នុងកាលៈទេសៈសេដ្ឋកិច្ចធ្លាក់ចុះ និងពិបាករកចំណូលក្តី ប៉ុន្តែពួកគេភាគច្រើននៅតែត្រៀមលុយកាក់សម្រាប់ធ្វើបុណ្យ និងប្រណិប័តន៍តាមគន្លងប្រពៃណីមិនដែលអាក់ខានឡើយ។
អ្នកស្រី ឃីម សុខហ៊ាង រស់នៅខណ្ឌឫស្សីកែវ បានឱ្យដឹងថា នៅថ្ងៃភ្ជុំធំ អ្នក និងកូនប្រុស-ស្រីចំនួន ២ នាក់ នឹងទៅស្រុកកំណើតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីធ្វើបុណ្យជុំគ្រួសារនៅវត្តសិរីសាគរ។
ដោយសារស្រុកកំណើតស្ថិតនៅមិនឆ្ងាយប៉ុន្មានពីភ្នំពេញ ហើយធ្លាប់ទៅលេងបងប្អូនញឹកញាប់ទៀតនោះ អ្នកស្រីគិតថា មិនត្រូវចំណាយអ្វីច្រើនទៀតទេ ក្រៅពីត្រៀមលុយ ១០ ម៉ឺនរៀល សម្រាប់ធ្វើដំណើរ រៀបចំចង្ហាន់ និងលុយថ្មីៗដែលបានដូរជាស្រេចសម្រាប់រាប់បាត្រ និងពូនភ្នំខ្សាច់។
ចំណែកអ្នកស្រី ស៊ឹម រ៉ា បច្ចុប្បន្នរស់នៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅខេត្តកំពង់ធំ បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា អ្នកស្រី និងគ្រួសារ មិនដែលអាក់ខានធ្វើបុណ្យ និងចែកទានតិចតួចតាមសទ្ធាឡើយនៅរដូវបុណ្យភ្ជុំម្ដងៗ។
ជាក់ស្តែងនៅឆ្នាំ ២០២៦ នេះ បើទោះបីរូបអ្នកស្រីមិនសូវមានលុយកាក់ ប៉ុន្តែអ្នកស្រីបានធ្វើចង្ហាន់ទៅវត្តឃ្មួញ ស្ថិតនៅខណ្ឌសែនសុខ ម្តងរួចហើយកាលពីបិណ្ឌ១ ហើយគ្រោងទៅវត្តធ្វើបុណ្យចំនួន ២ ដងទៀត គឺនៅថ្ងៃវេនកាន់បិណ្ឌភូមិ និងថ្ងៃភ្ជុំធំ។
អ្នកស្រី ស៊ឹម រ៉ា បន្តថា លុយចំនួន ១០០ ដុល្លារ ដែលប្តីទើបបើក ត្រូវបានបំបែកទៅជាប្រាក់រៀលតាំងពីថ្ងៃដំបូងនៃពិធីបុណ្យកាន់បិណ្ឌ ដើម្បីទិញម្ហូបធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ចូលបច្ច័យបង្សុកូល និងបច្ច័យកសាងខ្លះ។ លុយនោះនៅសល់តែ ២០ ម៉ឺនរៀលប៉ុណ្ណោះ ទុកគ្រាន់ចាយត្បិតត្បៀត និងទៅវត្តធ្វើបុណ្យរហូតដល់ចប់។ អ្នកស្រី និងប្តីក៏បានស្រុះស្រួលគ្នាថា នឹងមិនធ្វើដំណើរទៅលេងស្រុកកំណើតឡើយសម្រាប់ភ្ជុំបិណ្ឌឆ្នាំនេះ។
ទាក់ទងនឹងការចរាចរប្រាក់រៀលថ្មីៗនេះដែរ អាជីវករទិញ-លក់មាស និងដូរប្រាក់ ជីវ រ៉ា នៅផ្សារដេប៉ូ រាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មាន AMS នៅថ្ងៃទី៥ ខែតុលា នេះថា មិនខុសពីរាល់ឆ្នាំដែរ នៅរដូវបុណ្យកាន់បិណ្ឌ រយៈពេល ១ សប្តាហ៍ដំបូង មានប្រជាពលរដ្ឋដូរលុយថ្មីៗច្រើន ប៉ុន្តែមកដល់ពេលនេះបានស្ងាត់ទៅវិញហើយ។
ក្រដាសប្រាក់ថ្មីដែលដូរភាគច្រើន គឺមានក្រដាស ១០០ រៀល ៥០០ រៀល ១,០០០ រៀល និង ៥,០០០ រៀល។ អ្នកស្រី ជីវ រ៉ា បានឱ្យដឹងថា មិនថាតែតូបរបស់អ្នកស្រីទេ តូបនៅជិតៗនោះក៏មានការដូរច្រើនដែរ។ អ្នកស្រី «សម្រាប់តូបរបស់ខ្ញុំក្នុងមួយរដូវភ្ជុំ អាចដូរ ឬកាត់ទឹក ក្នុងចន្លោះពី ២០០លានទៅ ៣០០លានរៀល»។
សេដ្ឋវិទូ លោកបណ្ឌិត ឌុច ដារិន្ទ មើលឃើញថា ការចំណាយក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ ២០២៦ នេះ នៅតែជាកត្តាជំរុញសេដ្ឋកិច្ចក្នុងស្រុករយៈពេលខ្លី និងស្របតាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ។
លោកថា៖« តម្រូវការចាំបាច់មួយចំនួន ដូចជា ម្ហូបអាហារ សេវាដឹកជញ្ជូន និងការធ្វើដំណើរ នឹងត្រូវបង្កើនការចំណាយ ហើយការចំណាយទាំងនេះ អាចបន្តទៅបង្កើតចំណូលសម្រាប់អ្នកប្រកបអាជីវកម្មខ្នាតតូច ជួយគាំទ្រតម្រូវការក្នុងស្រុក និងបំពេញបន្ថែមលើដំណើរការសេដ្ឋកិច្ចក្នុងស្រុកដែលមានស្រាប់»។
ចំណែកលោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ការចរាចរប្រាក់រៀល នៅអំឡុងពេលបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ មានការកើនឡើង តាមរយៈការចាយវាយតិចតួច ប៉ុន្តែច្រើនដង ទៅលើសេវាកម្ម ឬទំនិញកំប៉ិកកំប៉ុកដោយប្រើសាច់ប្រាក់សុទ្ធ។
រីឯការចាយវាយតាមបច្ចេកវិទ្យាទំនើប ឬប្រើ QR វិញ មិនទាន់ទូលំទូលាយនៅឡើយ ដោយលោកសង្កេតឃើញថា នៅតំបន់ខ្លះអត់មានសេវាទូរស័ព្ទ និងអ្នកប្រើសេវា QR។
ទោះជាយ៉ាងណា ចរន្តប្រាក់រៀលនៅអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវបានគេមើលឃើញថា បច្ច័យ និងទេយ្យទានដែលបានបូជាដោយប្រជាពុទ្ធបរិស័ទ មិននៅនៅត្រឹមវត្តអារាមនោះទេ គឺមានចរន្តវិលជុំឈានទៅពញ្ញាក់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ខណៈដែលការចំណាយលើការធ្វើដំណើរទៅលេងស្រុកកំណើត ឬដំណើរកម្សាន្តតាមរមណីយដ្ឋានផ្សេងៗ ក៏បង្កើនចរន្តសេដ្ឋកិច្ចកាន់តែខ្លាំង តែក្នុងរយៈពេលខ្លី។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា គិតត្រឹមរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៥ មានអ្នកធ្វើដំណើរកម្សាន្តក្នុងស្រុកដែលជាជនជាតិខ្មែរ និងបរទេសសរុបជាង ២លាននាក់ ឬ ២,១៤៤,២២៤នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ២.១២លាននាក់។ តួលេខនេះបានកើន ២១.២% បើធៀបនឹងរយៈពេលដូចគ្នា៕