បរទេស៖ យោងតាមប្រភពព័ត៌មានពី The Washington Post បានរាយការណ៍ថា ប្រទេសសិង្ហបុរីអាចរកប្រាក់ចំណូលបានរាប់លានដុល្លារពីការធ្វើជាម្ចាស់ផ្ទះតែមួយគត់នៅអាស៊ីអាគ្នេយ៍សម្រាប់ការប្រគុំតន្ត្រឹ Eras Tour របស់តារាចម្រៀង Taylor Swift ។
Erica Tay នាយកស្រាវជ្រាវផ្នែកម៉ាក្រូសេដ្ឋកិច្ចរបស់ធនាគារ Maybank បានលើកឡើងថា ការប្រគុំតន្ត្រីរបស់តារាចម្រៀង Taylor Swift រយៈពេល ៦ ថ្ងៃ ត្រូវបានរំពឹងថានឹងរកចំណូលដល់ទេសចរណ៍សិង្ហបុរីប្រមាណពី ២៦០ លានដុល្លារទៅ ៣៧៥ លានដុល្លារអាម៉េរិក។
ទន្ទឹមនឹងនេះ សិង្ហបុរីត្រូវបានគេហៅថាជាប្រទេសថ្មីចុងក្រោយដែលទទួលផលប្រយោជន៍ពី “Swiftonomics” ជាពាក្យដែលគេពិពណ៌នាអំពីការជំរុញសេដ្ឋកិច្ចពីការប្រគំតន្ត្រីខ្នាតធំជុំវិញពិភពលោករបស់តារាចម្រៀង Taylor Swift ដែលបានលក់លើសពី ១ ពាន់លានដុល្លារទូទាំងពិភពលោក។ បន្ថែមពីនេះ អ្នកសេដ្ឋកិច្ចបានបង្កើនការប៉ាន់ប្រមាណថា កំណើនប្រចាំឆ្នាំរបស់សិង្ហបុរីនឹងកើនឡើងពី ២,៣ ភាគរយទៅ ២,៥ ភាគរយ ដែលមានន័យថា GDP របស់ប្រទេសសិង្ហបុរីត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២,៩ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោម ៦ ត្រីមាសមុនៗ។