ភ្នំពេញ៖ បាតុភូត អែលនីញ៉ូ(El Niño) ដែលនឹងបង្កឱ្យមានបម្រែបម្រួលអាកាសធាតុឡើងកំដៅ (រាំងស្ងួត) នៅចុងឆ្នាំ២០២៦ រហូតដល់ដើមឆ្នាំ២០២៧ ត្រូវបានព្យាករណ៍ថា មានសភាពអាក្រក់ជាងពេលណាៗទាំងអស់ ព្រោះរលកកម្ដៅអាចហក់ឡើងដល់ ៣៨ អង្សាសេ ខណៈកម្ពុជា ក៏នឹងរងកម្ដៅនេះដោយផ្ទាល់ ១០០% រយៈពេល ៤ខែពេញ មុននឹងថមថយទៅវិញចាប់ពីខែកុម្ភៈ ឆ្នាំ២០២៧។
គ្រោះធម្មជាតិនេះ នឹងបង្កឱ្យប្រភពទឹកនៅតាមបឹងបួរ ស្រះ និងប្រភពទឹកក្រោមដីឆាប់រីងស្ងួត ឈានដល់ការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំ អាចប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវ ថមថយទិន្នផលខ្លាំងនៅឆ្នាំក្រោយ។ ប៉ុន្ដែចំពោះបញ្ហាសន្ដិសុខស្បៀងសម្រាប់រយៈពេលខ្លី ឬមធ្យមណាមួយកើតចេញពីគ្រោះធម្មជាតិ El Niño ត្រូវបានអ្នកជំនាញកសិកម្មអះអាងថា នឹងមិនអាចកើតមានចំពោះកម្ពុជានឡឡើយ ព្រោះកម្ពុជាបានផលិតស្រូវលើសពីតម្រូវការប្រចាំឆ្នាំជាង ៧លានតោន។
ប្រធានសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្ម លោក សុខ សុថា បានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា និរន្ដភាពស្បៀងដែលកម្ពុជាកំពុងធានាបាន ក៏អាចនឹងប្រែប្រួលទៅតាមគ្រោះធម្មជាតិដែរ ប៉ុន្ដែក្នុងរយៈពេលវែង។ ជាក់ស្ដែង El Niño អាចបង្កើតលក្ខខណ្ឌអាកាសធាតុទៅជាក្ដៅខ្លាំង របបទឹកភ្លៀងលែងទៀងទាត់ ដោយនៅតំបន់ខ្លះជួបគ្រោះរាំងស្ងួតខ្លាំង និងតំបន់ខ្លះត្រូវភ្លៀងធ្លាក់រហូតជន់លិចផលដំណាំ បង្កជាឧបសគ្គដល់ការផលិតស្រូវប្រចាំឆ្នាំ។
លោកបានលើកឡើងថា El Niño មិនអាចធ្វើឱ្យប្រព័ន្ធផលិតស្បៀងកម្ពុជាប៉ះពាល់ក្នុងរយៈពេលខ្លីនោះទេ ប៉ុន្ដែបើគ្រោះធម្មជាតិនេះបង្កើតលក្ខណ្ឌអាកាសធាតុកាន់តែអាក្រក់ក្នុងរយៈពេលយូរ នោះការបង្កបង្កើនទិន្នផលស្រូវបានកាន់តែតិចទៅ។ បញ្ហានេះទាមទារឱ្យរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ គិតគូរដោះស្រាយភ្លាមៗលើការត្រៀមចែកពូជស្រូវ ឬដំណាំដល់កសិករ ហើយបង្កើតប្រព័ន្ធធារាសាស្ដ្រឱ្យបានកាន់តែច្រើន ដើម្បីកសិករអាចទាញយកទឹកប្រើប្រាស់ក្នុងវិស័យកសិកម្មបានគ្រប់គ្រាន់ ទើបអាចចាក់បំពេញទិន្នផលស្រូវចូលក្នុងជង្រុកស្បៀងត្រៀមបម្រុងនៅឆ្នាំណាដែលកម្ពុជាជួបគ្រោះរាំងស្ងួត ហើយបាត់ទិន្នផលច្រើន។
ស្រដៀងគ្នានឹងការលើកឡើងរបស់លោក សុខ សុថា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម យ៉ង សាំងកុមារ បានបញ្ជាក់ថា ការប្រមូលផលស្រូវឆ្នាំ២០២៦ អាចទទួលបានប្រមាណ ១៥លានតោន ខណៈដែលកម្ពុជាបច្ចុបន្នមានរដូវប្រមូលផលស្រូវធំៗចំនួន ៣ដង ក្នុង១ឆ្នាំ ដោយជាទូទៅក្នុង១ឆ្នាំៗប្រមូលបានចន្លោះពី ១៣ ទៅ ១៥លានតោន។
ប្រភពស្បៀងអាហារដ៏សំខាន់របស់កម្ពុជាចំនួន ៣ ប្រភេទ គឺស្រូវ/អង្ករ ត្រី និងសាច់ ក៏ត្រូវបាន ឯកឧត្ដម យ៉ង សាំងកុមារ អះអាងដែរថា មានភាពធន់ ដោយរក្សាបាននូវសមត្ថភាពផលិត ដើម្បីផ្គត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់។ សម្រាប់ឯកឧត្ដមយល់ថា កសិករមិនគួរព្រួយបារម្ភពេកទេអំពីបញ្ហាសន្ដិសុខស្បៀងដែលកើតចេញពីគ្រោះធម្មជាតិអែលនីញ៉ូ ព្រោះរាជរដ្ឋាភិបាលបានអនុវត្ដវិធានការចាំបាច់មួយចំនួន ព្រមទាំងត្រៀមបម្រុងលើវិធានការចាំបាច់ ដើម្បីទប់ទល់នឹងគ្រោះធម្មជាតិនេះហើយ។
ត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងពីខេត្ដពោធិ៍សាត់ ក្នុងឱកាសដែលសម្ដេចចុះចែកស្រូវពូជដល់កសិករកាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឱ្យដឹងថា គ្រោះទឹកជំនន់ឆ្នាំ២០២៦ បានប៉ះពាល់ដល់ខេត្ដចំនួន ៧ ស្មើនឹងពលរដ្ឋជាង ១៣ម៉ឺនគ្រួសារ ក្នុងនោះក៏មានគ្រួសារខ្លះរងគ្រោះដោយសារគ្រោះរាំងស្ងួតផងដែរ។ ទន្ទឹមនឹងការគិតគូរចែកពូជស្រូវ និងណែនាំពីរបៀបដាំដុះបង្កបង្កើនផលស្រូវឱ្យទាន់សភាពការណ៍ រាជរដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធ ក៏បានអភិវឌ្ឍអាងស្ដុកទឹកមួយចំនួន រួមទាំងប្រព័ន្ធធារាសាស្ដ្ររាប់ពាន់គីឡូម៉ែត្រនៅភាគខាងលិចនៃប្រទេស។
សម្ដេចបញ្ជាក់ថា នៅកន្លែងខ្លះមានទំនប់ស្ទាក់ទឹកដែលមានសមត្ថភាពផ្ទុករាប់រយលានម៉ែត្រគូប និងអាងស្តុកទឹកបម្រើដល់ការផលិតអគ្គិសនី ដែលប្រភពទឹកធំៗទាំងនេះ នឹងត្រូវតភ្ជាប់ប្រព័ន្ធធារាសាស្ដ្រ និងប្រឡាយជើងក្អែបបែកចែកទឹកទៅកាន់ដីស្រែរបស់ប្រជាពលរដ្ឋតែម្ដង។ នេះជាវិធានការមួយក្នុងចំណោមវិធានការអន្តរាគមន៍ផ្សេងទៀត ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងធ្វើកសិកម្មនៅរដូវរាំងស្ងួត បង្ការពេលមានគ្រោះធម្មជាតិផ្សេងៗ ជាពិសេសបង្ការក្នុងបាតុភូត El Niño ។
សូមជម្រាបថា ជុំវិញបញ្ហាគ្រោះធម្មជាតិ និងសន្ដិសុខស្បៀងដែលជាកង្វល់របស់ពលរដ្ឋមួយចំនួនដោយគ្រោះធម្មជាតិ អ៊ែលនីញ៉ូ នេះ រដ្ឋាភិបាល តាមរយៈក្រសួងបាក់ព័ន្ធបានបង្ហាញប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងដ៏រឹងមាំរបស់ខ្លួន ដែលបានបង្កើតឡើង និងដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ គឺអាស្រ័យលើប្រភពស្បៀងបម្រុង ២ប្រភេទ។
ទី១ គឺស្ដុកយុទ្ធសាស្ដ្រ ដែលរដ្ឋបង្កើតស្ដុកពូជស្រូវសុទ្ធល្អ ភាគច្រើនជាប្រភេទស្រូវស្រាល មិនប្រកាន់រដូវ ដូចជា ផ្ការំដួល សែនក្រអូបក្នុងបរិមាណរាប់ពាន់តោនក្នុង១ឆ្នាំៗ។ គ្រាប់ពូជទាំងនេះត្រូវបានរក្សាទុកក្នុងឃ្លាំងត្រជាក់ទំនើប ដើម្បីធានាគុណភាពដំណុះបានល្អ ដោយរដ្ឋបានសហការជាមួយក្រុមហ៊ុន Green Trading និងសហព័ន្ធស្រូវអង្ករកម្ពុជា។
ទី២ គឺស្បៀងបម្រុង ដែលរដ្ឋបានធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងស្ដុកដើម្បីតាមដានបរិមាណ និងគុណភាពស្បៀងក្នុងឃ្លាំងទូទាំងប្រទេស ហើយប្រព័ន្ធស្បៀងបម្រុងរបស់កម្ពុជាត្រូវបានតភ្ជាប់ទៅប្រព័ន្ធទិន្នន័យ អត្ដសញ្ញាណកម្មគ្រួសារក្រីក្រ និងប្រព័ន្ធព្រមានទុកជាមុនរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ យន្ដការនេះ នឹងធានាថា នៅពេលមានគ្រោះមហន្តរាយ ការបែងចែកស្បៀងបម្រុង និងផ្ដល់គ្រាប់ពូជ នឹងធ្វើឡើងចំគោលដៅគ្រួសារក្រីក្រ និងងាយរងគ្រោះបំផុតប្រកបដោយតម្លាភាព និងទាន់ពេលវេលា។
ចេញពីប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងនេះ កម្ពុជា ក៏បានរួមចំណែករក្សាស្ថិរភាពសេដ្ឋកិច្ច និងសន្ដិសុខស្បៀងពិភពលោក ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ។ កម្ពុជាមិនត្រឹមតែអាចធានាស្បៀងអាហារសម្រាប់ប្រជាជនខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្ដែបានក្លាយជាប្រទេសឈានមុខមួយដែលនាំអង្ករចេញទៅកាន់ទីផ្សារអន្ដរជាតិ ដើម្បីរួមចំណែកដល់កម្មវិធីសន្ដិសុខស្បៀងពិភពលោក៕