ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ដីពីការបង្កើតគណៈកម្មាធិការដឹកនាំអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលស្ថិតនៅក្រោមឆត្រនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសមីក្រូ តូច និងមធ្យម មានភារកិច្ចមួយចំនួនដែលត្រូវអនុវត្តន៍ រួមមាន អនុម័តសូចនាករសមិទ្ធកម្មគន្លឹះ និងដឹកនាំការងារត្រួតពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្នាំ២០២៦-២០៣០ ។ បន្ថែមពីនេះ ត្រូវដឹកនាំ សម្របសម្រួល និងដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងបញ្ហាផ្សេងៗដែលមាលក្ខណៈអន្តរស្ថាប័ន ដើម្បីអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ។
គណៈកម្មាធិការនេះ ក៏មានភារកិច្ចសម្របសម្រួលក្នុងកម្រិតគោលនយោបាយនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍលើការងារជំរុញកិច្ចអភិវឌ្ឍសហគ្រាសធុនតូចមីក្រូ តូច និងមធ្យមនៅកម្ពុជា ។ គណៈកម្មាធិការក៏មានភារកិច្ចដឹកនាំរៀបចំ និងស្នើឡើងសកម្មភាពគោលនយោបាយ និងយុទ្ធសាស្ត្រ ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ដើម្បីបន្តលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ដោយផ្អែកលើគោលដៅ និងសូចនាករដែលបានកំណត់ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំវិធានការចាំបាច់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដែលកើតឡើងក្នុងពេលអនុវត្ត ។
ភារកិច្ចផ្សេងទៀតដែលគណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវអនុវត្តន៍នោះ ត្រូវត្រួតពិនិត្យ និងរៀបចំជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងដំណាក់កាលបន្ទាប់ ។ សម្រាប់ភារកិច្ចផ្សេងៗទៀត តាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល ។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានប្រសាសន៍ថា គណៈកម្មាធិការនេះនឹងជួយកាត់បន្ថយភាពស្មុគស្មាញសហគ្រិនដែលធ្លាប់ជួបនាពេលកន្លងមក ។ កន្លងមក នៅពេលសហគ្រិនចង់ចុះបញ្ជីក្រុមហ៊ុន ឬចុះបញ្ជីសហគ្រាស ផលិតផល ពួកគាត់តែងតែមានភាពស្មុគស្មាញ ត្រូវរត់ការជាច្រើនក្រសួងទម្រាំតែបាន ដូច្នេះហើយទើបរាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មាធិការនេះឡើងដែលអាចជួយកាត់បន្ថយភាពលំបាករបស់សហគ្រិន ។
លោកឧកញ៉ាបន្តថា ពេលនេះ គឺជាពេលដែលពលរដ្ឋស្ទើរទូទាំងប្រទេសកំពុងពិហការលើការប្រើប្រាស់ផលិតផលរបស់ប្រទេសថៃ ហើយក៏ជាពលដែលសហគ្រិនក្នុងស្រុកត្រូវពង្រីកការផលិត និងពង្រឹងគុណភាពផលិតផលរបស់ខ្លួន ប៉ុន្តែដើម្បីឱ្យសហគ្រាសរបស់សហគ្រិនក្នុងស្រុកកាន់តែរីក និងមានការទទួលស្គាល់ទូលំទូលាយ សហគ្រិនត្រូវស្វែងរកភាពស្របច្បាប់ ត្រូវចុះបញ្ជីក្នុងក្រសួងត្រឹមត្រូវ ដូច្នេះបើសិនជារដ្ឋាភិបាលបង្កើតគណៈកម្មាធិការនេះឡើយ វានឹងធ្វើឱ្យការចុះបញ្ជីសហគ្រាស ក៏ដូចជាផលិតផលរបស់សហគ្រិនកាន់តែងាយស្រួល ហើយសហគ្រិនក៏រីករាយក្នុងការចូលរួមជាមួយរដ្ឋាភិបាល ។
លោកឧកញ៉ាបញ្ជាក់ថា៖
« នៅពេលសហគ្រិនមានភាពស្របច្បាប់ ពួកគាត់ក៏អាចទទួលបាននូវហិរញ្ញវត្ថុពីបណ្ដាដៃគូ ក៏ដូចជារដ្ឋាភិបាលដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនផងដែរ » ។
អ្នកស្រី ជា សារឹម ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី និងនំ ដែលផលិតពីគ្រាប់ធញ្ញជាតិ នៅខណ្ឌកំបូល រាជធានីភ្នំពេញ បានឱ្យដឹងថា មែនទែនទៅ សិប្បកម្មរបស់អ្នកស្រីមិនទាន់បានចុះបញ្ជីនៅក្រសួងនៅឡើយ ព្រោះកន្លងមក ពេលអ្នកស្រីទៅចុះបញ្ជីឃើញថាមានភាពស្មុគស្មាញ ត្រូវរត់ទៅរកស្ថាប័នជាច្រើនដើម្បីអាចចុះបញ្ជីបាន ដូច្នេះអ្នកស្រីចង់ឃើញស្ថាប័នមួយដែលលេចវត្តមានដើម្បីជួយឱ្យសហគ្រិនក្រៅប្រព័ន្ធមានភាពងាយស្រួលក្នុងការចុះបញ្ជីស្របច្បាប់៕