បរទេស៖ ធនាគារកណ្តាលអាម៉េរិក (Federal Reserve) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេលជាង ៣ ឆ្នាំ ក្នុងគោលបំណងទប់ស្កាត់អតិផរណា និងការឡើងថ្លៃទំនិញ។ ស្ថាប័ននេះក៏បានបញ្ជាក់ថា អត្រាការប្រាក់អាចនឹងត្រូវបានដំឡើងបន្ថែមទៀតនៅពេលក្រោយក្នុងឆ្នាំនេះ។ នេះបើយោងតាមការរាយការណ៍ពី BBC។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែកញ្ញា គណៈកម្មាធិការសម្រេចគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល (FOMC) បានបោះឆ្នោត ១២ ទល់នឹង ០ ដើម្បីគាំទ្រការដំឡើងអត្រាការប្រាក់ ០,២៥ ភាគរយ។
ការសម្រេចនេះធ្វើឱ្យធនាគារកណ្តាលអាម៉េរិកដំឡើងអត្រាការប្រាក់ពីកម្រិត ៣,៧៥ ភាគរយទៅ ៤ ភាគរយ បន្ទាប់ពីអត្រានេះបានឡើងពី ៣,៥ ភាគរយទៅ ៣,៧៥ ភាគរយ។
ការដំឡើងអត្រាការប្រាក់កើតឡើងទោះបីមានការប្រឆាំងយ៉ាងខ្លាំងពីប្រធានាធិបតីអាម៉េរិក លោក Donald Trump ក៏ដោយ។ បន្ទាប់ពីការប្រកាសនេះ លោក Trump បានសម្តែងការមិនពេញចិត្តនៅលើបណ្តាញសង្គម Truth Social ដោយលើកឡើងថា អត្រាការប្រាក់នៅអាម៉េរិកគួរតែមានត្រឹម ១ ភាគរយ ឬទាបជាងនេះ និងអំពាវនាវឱ្យទម្លាក់អត្រាការប្រាក់ឱ្យបានឆាប់រហ័ស។
លោក Kevin Warsh ប្រធានធនាគារកណ្តាលអាម៉េរិក បានលើកឡើងថា ការសម្រេចចិត្តនេះប្រកបដោយភាពម៉ត់ចត់ និងការទទួលខុសត្រូវ ដោយសារអត្រាអតិផរណានៅតែស្ថិតក្នុងកម្រិតខ្ពស់ និងបាននៅទ្រឹងក្នុងរយៈពេលយូរជាង ៥ ឆ្នាំមកហើយ។
មន្ត្រី Fed ភាគច្រើនរំពឹងថា អាចនឹងមានការដំឡើងអត្រាការប្រាក់យ៉ាងហោចណាស់មួយលើកទៀតនៅឆ្នាំ ២០២៦ នេះ។
លោក Warsh បានពន្យល់ថា ធនាគារកណ្តាលមិនអាចគ្រប់គ្រងតម្លៃជាក់លាក់ណាមួយបានទេ មិនថាជាតម្លៃប្រេង ឬតម្លៃមុខទំនិញនៅតាមផ្សារទំនើបឡើយ។ ទោះយ៉ាងណា ស្ថាប័ននេះកំពុងខិតខំទប់ស្កាត់មិនឱ្យការឡើងថ្លៃទំនិញរីករាលដាលទូទាំងសេដ្ឋកិច្ច។
សេដ្ឋកិច្ចទូទៅ និងទីផ្សារការងារមានភាពរឹងមាំ ដែលអនុញ្ញាតឱ្យធនាគារកណ្តាលបន្តផ្តោតការយកចិត្តទុកដាក់លើការរក្សាស្ថិរភាពតម្លៃ ដើម្បីទប់ស្កាត់អតិផរណា។ Fed ដូចធនាគារកណ្តាលដទៃទៀត មានគោលដៅរក្សាអត្រាអតិផរណាក្នុងកម្រិត ២ ភាគរយ ឬទាបជាងនេះ។
បញ្ហាអតិផរណារួមផ្សំជាមួយវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឱ្យតម្លៃប្រេងឡើងថ្លៃក្នុងកម្រិតខ្ពស់ ហើយការកើនឡើងនេះបានរាលដាលទៅលើតម្លៃទំនិញ និងសេវាកម្មផ្សេងទៀត។ ស្ថានភាពនេះបានធ្វើឱ្យលទ្ធភាពទិញរបស់ប្រជាជនធ្លាក់ចុះ ដែលជាក្តីកង្វល់ធំបំផុតមួយរបស់អ្នកបោះឆ្នោតអាម៉េរិក។
ជាទូទៅ ធនាគារកណ្តាលតែងដំឡើងអត្រាការប្រាក់នៅពេលអតិផរណាខ្ពស់ ដើម្បីរារាំងការចំណាយ និងលើកទឹកចិត្តឱ្យប្រជាជនសន្សំប្រាក់។ វិធីសាស្ត្រនេះមានគោលបំណងជួយកាត់បន្ថយល្បឿននៃការឡើងថ្លៃទំនិញ។
ការរក្សាតុល្យភាពក្នុងការកំណត់អត្រាការប្រាក់ គឺជាកិច្ចការដ៏ពិបាក ព្រោះអត្រាការប្រាក់ខ្ពស់អាចជំរុញឱ្យអាជីវកម្មពន្យារពេលការវិនិយោគ និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។
លើសពីនេះ ការដំឡើងអត្រាការប្រាក់ធ្វើឱ្យការខ្ចីប្រាក់មានតម្លៃថ្លៃជាងមុនសម្រាប់ប្រជាពលរដ្ឋដែលចង់ស្នើសុំកម្ចីទិញផ្ទះ និងប្រើប្រាស់កាតឥណទាន។ ផ្ទុយទៅវិញ វាអាចផ្តល់ផលចំណេញប្រសើរជាងមុនសម្រាប់ប្រាក់សន្សំ៕