ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កម្ពុជាទទួលបានការវិនិយោគលើរោងចក្រផ្គុំនិងដំឡើងរថយន្តជាបន្តបន្ទាប់ ដែលគិតមកដល់ខែកញ្ញា ឆ្នាំ ២០២៦នេះ កម្ពុជាទទួលបានគម្រោងវិនិយោគរោងចក្រផ្គុំនិងដំឡើងរថយន្តសរុបចំនួន១៥ ក្នុងនោះ១០កំពុងដំណើរការ ២រោងចក្រពុំទាន់ដំណើរការ និង៣គម្រោងទៀតបានស្នើសុំចុះបញ្ជីវិនិយោគនិងកំពុងសាងសង់រោងចក្រ ។
បើតាមប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្ត GAC នៅខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងចំណោមគម្រោងរោងចក្រដំឡើងរថយន្តទាំងអស់នៅក្នុងកម្ពុជា មានទឹកប្រាក់សរុបចំនួន ២៤៨លានដុល្លារអាម៉េរិក ដោយក្នុងនោះដែរ ទុនវិនិយោគក្នុងស្រុកប្រមាណ២៨ភាគរយ និងទុនវិនិយោគមកពីប្រទេសប្រមាណ ៧២ភាគរយ ។ គម្រោងវិនិយោគលើរោងចក្រដំឡើងរថយន្តនៅកម្ពុជាទាំង១៥ គម្រោងនេះ បានបង្កើតការងារសរុបបានចំនួន ២ ៧៧៤កន្លែង និងសុទ្ធតែជាអ្នកជំនាញ ។
សម្ដេចធិបតីក៏បានលើកឡើងផងដែរថា កន្លងមក សម្ដេចបានប្រាប់ឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសិក្សាទៅលើការផ្ដល់អាជ្ញាបណ្ណក្រុមហ៊ុនវិនិយោគលើការដំឡើងរថយន្តនៅកម្ពុជា ថាតើគួរបន្តផ្ដល់ឱ្យបន្ថែមទៀត ឬក៏ត្រូវផ្អាកសិន ពីព្រោះបច្ចុប្បន្ននេះ រោងចក្រដំឡើងរថយន្តនៅកម្ពុជា អាចដំឡើងរថយន្តបានរហូតដល់ ៣ម៉ឺន ៥ពាន់គ្រឿងទៅហើយ ហើយរថយន្តដែលដំឡើងនៅក្នុងប្រទេសកម្ពុជា ភាគច្រើនក៏ផ្ដោតលើទីផ្សារក្នុងស្រុកប៉ុណ្ណោះ មានការនាំចេញតិចតួច។
សម្ដេចបន្ថែមថា កម្ពុជាមិនចង់ឱ្យរោងចក្រដំឡើងរថយន្តមកវិនិយោគក្នុងរយៈពេលខ្លី ហើយបិទទៅវិញទេ តែកម្ពុជាចង់ឱ្យរោងចក្រដែលវិនិយោគនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ អាចឈរជើងបានយូរ និងអាចពង្រីកទីផ្សាររបស់ខ្លួនកាន់តែធំទាំងនៅក្នុងប្រទេសកម្ពុជា និងទីផ្សារអន្តរជាតិ ។
សម្ដេចមានប្រសាសន៍ថា ៖
« យើងមិនចង់ឱ្យឆ្នាំនេះចេញអាជ្ញាបណ្ណ១៥ក្រុមហ៊ុនថែមទៀតទេ តែចង់ឱ្យក្រុមហ៊ុនដែលកំពុងដំណើរការវិនិយោគរោងចក្រនៅកម្ពុជាបច្ចុប្បន្នទាំង១៥នេះ មានការរីកចម្រើនធានាបាននូវទីផ្សារ »។
បើតាមសម្ដេចធិបតីបានបញ្ជាក់ថា បច្ចុប្បន្ននេះ រោងចក្រដំឡើងរថយន្តនៅកម្ពុជាទាំងអស់ បាននាំចូលគ្រឿងបង្គុំ១០០ភាគរយពីក្រៅប្រទេស ដូច្នេះ គួរគិតគូរពីការវិនិយោគលើរោងចក្រផលិតគ្រឿងបង្គុំរថយន្ត ហើយផ្គត់ផ្គង់ដល់រោងចក្រដំឡើងរថយន្តប្រសើរជាការវិនិយោគរោងចក្រដំឡើងរថយន្តច្រើនតែបន្តនាំចូលគ្រឿងបង្គុំពីខាងក្រៅ ។ យ៉ាងណាក៏ដោយ សម្ដេចធិបតី បានលើកឡើងថា ទៅថ្ងៃខាងមុខ បើសិនជាមានការស្នើសុំវិនិយោគលើរោងចក្រដំឡើងរថយន្ត គួរជ្រើសរើសមើលក្រុមហ៊ុនណាដែលធំ ហើយខ្លាំង ព្រោះមិនចង់ឱ្យក្រុមហ៊ុនបើកច្រើននាពេលនេះ ហើយបិទទៅវិញនៅពេលខាងមុខទេ តែចង់ឱ្យបើកនៅថ្ងៃនេះ ហើយរីកខ្លាំងនៅថ្ងៃខាងមុខ ។
លោក ងន សាំង ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានលើកឡើងថា តាមរយៈការវិនិយោគលើរោងចក្រដំឡើងផ្គុំរថយន្តនៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យរថយន្តថ្មីៗមានតម្លៃទាបជាងមុន ហើយបានធ្វើឱ្យអត្រានៃការប្រើប្រាស់រថយន្តថ្មីៗនៅកម្ពុជាកើនឡើងខ្ពស់ ។
លោករំពឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជានឹងបញ្ចប់ទាំងស្រុងនូវការនាំចូលរថយន្តមួយទឹកពីក្រៅប្រទេសមកប្រើប្រាស់ ដោយជំនួសមកវិញនូវរថយន្តមួយទឹកក្នុងស្រុក ។ មានន័យថា អ្នកមានលទ្ធភាពទិញរថយន្តថ្មីដែលផលិត និងដំឡើងក្នុងស្រុកប្រើប្រាស់ហើយពេលពួកគាត់ចង់ដូររថយន្តថ្មី អាចលក់រថយន្តចាស់របស់ពួកគេទៅកាន់ឃ្លាំង ហើយអ្នកដែលមិនសូវមានលទ្ធភាពអាចទិញរថយន្តមួយទឹកនោះប្រើប្រាស់បន្ត ៕