បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា ម្ចាស់ហាងទំនិញរបស់ជប៉ុន 7-Eleven បានបដិសេធទៅលើព័ត៌មានថា ខ្លួនបានដេញថ្លៃទិញយកភាគហ៊ុនក្រុមហ៊ុនដែលជាដៃគូប្រជែង Circle K ក្នុងតម្លៃ ៣៨ ពាន់លានដុល្លារ។
កាលពីថ្ងៃសុក្រ ចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Seven & i Holdings ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ និងជាម្ចាស់ 7-Eleven បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានឆន្ទៈក្នុងការពិចារណាដោយស្មោះត្រង់នូវសំណើណាមួយដែលអាចផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់ភាគហ៊ុនរបស់ខ្លួន។ ទោះជាយ៉ាងណាក្តី Seven & i Holdings នឹងជំទាស់លើសំណើទាំងឡាយណាដែលបដិសេធម្ចាស់ភាគហ៊ុនពាក់ព័ន្ធតម្លៃខាងក្នុងរបស់ក្រុមហ៊ុន ឬ បរាជ័យក្នុងការដោះស្រាយតាមបទប្បញ្ញត្តិយ៉ាងត្រឹមត្រូវ។
ក្រុមហ៊ុនកាណាដា Alimentation Couche-Tard (ម្ចាស់់ Circle K) បានផ្តល់សំណើទិញភាគហ៊ុនដែលនៅសេសសល់ទាំងអស់ក្នុងតម្លៃ ១៤,៨៦ ដុល្លារក្នុងមួយហ៊ុន គិតសរុបមានតម្លៃ ៣៨,៥ ពាន់លានដុល្លារ។ ការផ្តល់ជូនតម្លៃដោយក្រុមហ៊ុន Alimentation Couche-Tard គឺច្រើនជាង ២០ ភាគរយលើតម្លៃភាគហ៊ុនរបស់ Seven & i មុនពេលប្រកាសលក់ភាគហ៊ុន។ យ៉ាងណាមិញ ការផ្តល់ជូនតម្លៃនេះបានកើតឡើងនៅពេលដែលប្រាក់យ៉េនជប៉ុនធ្លាក់ចុះខ្លាំងជាងប្រាក់ដុល្លារអាមេរិក ដែលធ្វើឱ្យការផ្តល់ជូនរបស់ម្ចាស់ Circle K មានតម្លៃទាប និងមានហានិភ័យផ្នែកច្បាប់។
ទន្ទឹមនឹងនេះ Seven & i នៅតែបើកចំហរសម្រាប់ការចរចា ដើម្បីពិចារណាលើការផ្តល់ជូនក្នុងតម្លៃខ្ពស់ពីអ្នកទិញផ្សេងទៀត។ ប្រសិនបើការទិញទទួលបានការចរចាដោយជោគជ័យនោះអាចនឹងបង្កើតបានជាហាងទំនិញជាង ១ ម៉ឺនកន្លែងលើទូទាំងពិភពលោក។ ចាប់តាំងពីមានព័ត៌មានលក់ភាគហ៊ុននេះកាលពីខែមុនមក ភាគហ៊ុននៅក្នុង Seven & i បានកើនឡើងដែលជំរុញឱ្យតម្លៃទីផ្សាររបស់ខ្លួនមានតម្លៃលើសពី ៣៨ ពាន់លានដុល្លារ។
លោក Stephen Dacus ប្រធានក្រុមប្រឹក្សាភិបាល Seven & i ដែលកំពុងពិចារណាលើកិច្ចព្រមព្រៀងនេះបានលើកឡើងថា សំណើនេះមានតម្លៃសរុបទាបសម្រាប់ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុនមួយនេះ ខណៈដែលសក្តានុពលរបស់ខ្លួនអាចបង្កើតតម្លៃកាន់តែច្រើនសម្រាប់ម្ចាស់ភាគហ៊ុន។