ភ្នំពេញ៖គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សហការជាមួយនឹងអង្គការរ៉ូតថារីអន្តរជាតិ បានរៀបចំកម្មវិធីសប្បុរសធម៌ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណជាង២ពាន់នាក់ រស់នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ០៦ និង ០៧ ខែធ្នូ ឆ្នាំ២០២៥។
នេះជាឆ្នាំទី១ ដែលអម្រឹតបានសហការជាមួយ អង្គការរ៉ូតថារីអន្តរជាតិ (អង្គការមិនមែនរដ្ឋាភិបាលមនុស្សធម៌) រៀបចំកម្មវីធីសប្បុរសធម៌នេះឡើង ក្នុងគោលបំណងចូលរួមចំណែកគាំទ្រ និងលើកកម្ពស់ ការគាំពារសុខុមាលភាពសហគមន៍ ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះគឺរៀបចំឡើងដើម្បីជួយសម្រាលការលំបាកនិងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជននិងអភិវឌ្ឍសហគមន៍តាមរយៈសកម្មភាពសប្បុរសធម៌រួមមាន៖ការពិនិត្យនិងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃដោយក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តមកពីកោះតៃវ៉ាន់ប្រមាណជាង១០០នាក់ ជូនដល់ប្រជាពលរដ្ឋ និងការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគនិងអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលមកទទួលការពិនិត្យ និងព្យាបាលជំងឺ។
អម្រឹត មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្រកម្មវិធីសប្បុរសធម៌នេះឡើង។ នៅក្នុងកម្មវិធីរយៈពេល២ថ្ងៃនេះដែរ អម្រឹត ក៏បានចែករំលែកក្តីស្រលាញ់ និងសេចក្តីសប្បុរស ដោយបានចូលរួមឧបត្ថម្ភ ៤.០០០ អាវយឺត ជូនប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល រួមនឹងសម្ភារៈ និងវត្ថុអនុស្សាវរីយ៍មួយចំនួនជូនប្រជាពលរដ្ឋដែលបានចូលរួម។
លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានប្រសាសន៍ថា៖
« ខ្ញុំពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះចក្ខុវិស័យ ឆន្ទៈ វិជ្ជាជីវៈនិងទឹកចិត្តមនុស្សធម៌ដ៏មោះមុត របស់ រ៉ូតថារីនិងបុគ្គលិកសុខាភិបាលស្ម័គ្រចិត្តទាំងអស់ ដែលបានផ្តួចផ្តើមនូវបេសកកម្មពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ នេះឡើងជូនប្រជាពលរដ្ឋខ្មែរ។ កិច្ចគាំទ្រនិងរួមចំណែកអភិវឌ្ឍមូលធនមនុស្ស និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងតាមសហគមន៍ គឺជាគោលដៅអាទិភាពមួយ ស្របតាមចក្ខុវិស័យនៃសកម្មភាពទំនួលខុសត្រូវសង្គម(Corporate Social Responsibility) របស់គ្រឹះស្ថាន អម្រឹត។ លោកបន្តថា កន្លងមក អម្រឹត តែងតែយកចិត្តទុកដាក់ និងរួមចំណែកគាំទ្រ តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងគម្រោង និងសកម្មភាពនានា ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋផ្នែកសុខភាព និងការអប់រំ ជាមួយនឹងរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា»។
លោកក៏បានបន្តផងដែរថា លោកពិតជាពេញចិត្តនូវឃ្លាមួយដែល អង្គការរ៉ូតថារីអន្តរជាតិបានសរសេរឡើងថា៖ កម្មវិធីសប្បុរសធម៌នេះមិនមែនសម្រាប់តែអ្នកមានលុយនោះទេប៉ុន្តែក៏សម្រាប់អ្នកមានចិត្តដែរ។
ឯកឧត្តម ហេង វុទ្ធី ប្រធានសមាគមន៍វិនិយោគចិននៅកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាលោកពិតជាមានក្តីសប្បាយរីករាយក្នុងការចូលរួមសកម្មភាពសប្បុរសធម៌ក្នុងថ្ងៃនេះ និងថ្លែងអំណរគុណដល់អម្រឹត ក៏ដូចជា អង្គការរ៉ូតថារីក្នុងការផ្តល់ជាការពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃ ថែមទាំងផ្តល់នូវគ្រឿងឧបភោគបរិភោគនិងសម្ភារៈបរិក្ខារជូនដល់ប្រជាជននិងសិស្សានុសិស្សក្នុងឃុំកំពង់ភ្នំឲ្យបានជាប្រយោជន៍ក្នុងការប្រើប្រាស់ជាបន្ត។
កម្មវិធីមនុស្សធម៌ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកត្តម ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក គណៈគ្រប់គ្រងតំណាងអង្គការរ៉ូថារីអន្តរជាតិ ប្រធានក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់គ្រឹះស្ថាន អម្រឹត រួមជាមួយនឹងតំណាងអជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននៅក្នុងស្រុកលើកដែក ខេត្តកណ្តាល ។ កម្មវិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តិទៅដោយរលូន និងពោរពេញដោយស្នាមញញឹម និងរីករាយយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលបានមកពិនិត្យ និងព្យាបាលជំងឺ។
អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែល ផ្តល់ផលវិជ្ជមានដល់សង្គម ។ បច្ចុប្បន្ន អម្រឹត បាន និងកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួន ជាង ៨០ ម៉ឺននាក់ – មានប្រតិបត្តិការអាជីវកម្មនៅតាមសាខាចំនួន ១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ ។ អម្រឹត មានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក មានប្រាក់បញ្ញើជាង ១.៤ ពាន់លានដុល្លារអាមេរិក និងផលប័ត្រប្រាក់កម្ចីជាង ១.៥ ពាន់លានដុល្លារអាមេរិក។ ភាគទុនិករបស់អម្រឹត គឺសុទ្ធសឹងជាស្ថាប័នដែលមានកិត្តិនាមខ្ពស់ផ្នែកទំនួលខុសត្រូវសង្គម រួមមាន៖ ធនាគារសាយណូផេក (Bank SinoPac) ជាភាគទុនិកធំជាងគេ និងជាធនាគារឈានមុខគេមួយនៅកោះចិនតៃវ៉ាន់ រួមជាមួយនឹងភាគទុនិកចំនួន២ទៀតគឺ សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាបុត្រសម្ព័ន្ធផ្នែកវិនិយោគ របស់ធនាគារពិភពលោក និងធនារគារវិនិយោគនៃប្រទេសហូឡង់ (FMO)។
អង្គការ រ៉ូថារីអន្តរជាតិ គឺជាអង្គការក្រៅរដ្ឌាភិបាលមកពីកោះចិនតៃវ៉ាន់ ដែល មានសមាជិកជាង ១.៤ លាននាក់នៅទូទាំងពិភពលោក។ អង្គការនេះ ប្រមូលផ្តុំដោយអ្នកដឹកនាំធុរកិច្ច និងមានជំនាញដើម្បីជួយសហគមន៍ លើកកម្ពស់សុចរិតភាព ជំរុញសុច្ឆន្ទៈនិងសន្តិភាពជុំវិញពិភពលោក៕