ភ្នំពេញ ៖ គម្រោងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ គឺជាគម្រោងយុទ្ធសាស្ត្រសំខាន់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការបំប្លែងកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យទៅជាកំពង់ផែទឹកជ្រៅកម្រិតតំបន់ ដើម្បីលើកកម្ពស់សមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹក និងកាត់បន្ថយថ្លៃដើមឡូជីស្ទិក ក៏ដូចជាទាក់ទាញវិនិយោគិនចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម ។
នៅក្នុងកិច្ចសន្ទនាលើកទី៥ រវាងវិស័យរដ្ឋ និងឯកជន កម្ពុជា-អឺរ៉ុប កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា កំពង់ផែសមុទ្រទឹកជ្រៅនៅក្រុងព្រះសីហនុ ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៧ ខាងមុខនេះ ។ តាមរយៈសមិទ្ធផលនេះរំពឹងថា នឹងជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនតាមផ្លូវសមុទ្របានប្រមាណ ៣០% ដែលជាកត្តាយុទ្ធសាស្ត្រមួយក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិផងដែរ ។
គួររម្លឹកថា កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១នេះ មានជម្រៅទឹក ១៤,៥ម៉ែត្រ ដែលអាចសម្រួលដល់ការចតរបស់នាវាដឹកទំនិញកុងតឺន័រប្រមាណ ៩៣% នៃនាវាទាំងអស់ដែលកំពុងធ្វើចរាចរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ គម្រោងនេះ ត្រូវបានប៉ាន់ស្មានថា គ្រោងនឹងចាយទុនប្រមាណ ២៤៣លានដុល្លារ ដែលប្រភពហិរញ្ញវត្ថុទាំងនេះ ជាឥណទានសម្បទានពីរាជរដ្ឋាភិបាលប្រទេសជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា ការពង្រីកកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ គឺជាសមិទ្ធផលមួយដ៏ល្អក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ដែលអាចធ្វើឱ្យកប៉ាល់ធំៗ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបានកាន់តែច្រើន ។
លោកបន្តថា កន្លងមក ដូចដែលបានដឹងទាំងអស់គ្នាហើយថា កំពង់ផែទឹកជ្រៅរបស់កម្ពុជានៅតូច និងមិនទាន់អាចឱ្យកប៉ាល់ធំៗចូលចតបាននៅឡើយ ដូច្នេះ រាល់ទំនិញដឹកចេញ-ចូល ត្រូវផ្ទេរដាក់តាមកប៉ាល់តូចៗចូលមកកម្ពុជា ឬដឹកចេញពីកម្ពុជាទៅកាន់កំពង់ផែប្រទេសជិតខាង រួចហើយទើបដឹកបន្តទៅកាន់គោលដៅ ។ ការធ្វើបែបនេះ បានធ្វើឱ្យតម្លៃដឹកជញ្ជូនទំនិញតាមទឹកផ្លូវរបស់កម្ពុជាអស់ច្រើន ប៉ុន្តែបើសិនជាកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ បានសង់រួចរាល់ និងដាក់ដំណើរការ នោះរាល់ទំនិញចេញ-ចូលកម្ពុជានឹងលែងផ្ទេរដាក់កប៉ាល់តូចៗទៀតហើយ ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនកាន់តែធ្លាក់ចុះជាងមុន ។
បើតាមលោក ដារ៉ា បញ្ជាក់បានឱ្យដឹងថា តាមការប៉ាន់ស្មាន បើសិនជាកប៉ាល់ធំៗចូលចត និងចូលមកដឹកទំនិញដោយផ្ទាល់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងធ្វើឱ្យតម្លៃដឹកជញ្ជូនកាត់បន្ថយប្រមាណ ២០០ដុល្លារក្នុងមួយទូរ ដូច្នេះ ក្នុងមួយកប៉ាល់អាចចំណេញបានច្រើនណាស់ ។ អ្វីដែលពិសេស នៅពេលកំពង់ទឹកជ្រៅដំណាក់ទី១នេះរួចរាល់ និងដាក់ដំណើរការ នឹងធ្វើឱ្យវិនិយោគិនបរទេសសម្លឹងរកឱកាសវិនិយោគនៅកម្ពុជាកាន់តែច្រើន ដើម្បីសង់រោងចក្រ កែច្នៃ និងផលិតទំនិញសម្រាប់ផ្គត់ផ្គង់ទីផ្សារអន្តរជាតិកាន់តែច្រើន ស្របពេលរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងផ្ដល់ការអនុគ្រោះដល់បណ្ដាវិនិយោគិនជាច្រើន ជាពិសេសផ្នែកពន្ធ ។
លោកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជាក៏បានមានប្រសាសន៍ឱ្យដឹងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រធំជាងគេនៅកម្ពុជា ដោយការនាំចេញ-នាំចូលរបស់កម្ពុជាទាំងមូលស្ទើរតែ៨០%ហើយ ប្រើប្រាស់កំពង់ផែសមុទ្រក្រុងព្រះសីហនុ ។ ដូច្នេះសម្រាប់គម្រោងសាសងសង់កំពង់ផែទឹកជ្រៅដំណាក់កាលទី១ ដែលនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៧ នឹងធ្វើឱ្យកប៉ាល់ធំៗអាចចូលចតបាន ។
លោកបន្តថា បច្ចុប្បន្ននេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអនុញ្ញាតឱ្យតែកប៉ាល់តូចៗចូលចតដើម្បីលើកដាក់ទំនិញប៉ុណ្ណោះ ដោយឡែកសម្រាប់កប៉ាល់ធំៗ នៅមិនទាន់អាចចូលចតបាននៅឡើយ ដោយសារតែជម្រៅទឹកនៅរាក់ ។ ប៉ុន្តែចាប់ពីឆ្នាំ២០២៧តទៅ កប៉ាល់ដឹកទំនិញធំៗ ផ្ទុកកុងតឺន័របានរាប់ពាន់ទូរអាចចូលមកចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយមិនបាច់ផ្ទេរលើកដាក់កប៉ាល់តូចៗដូចមុនទៀតឡើយ ។
បើតាមផែនការមេរបស់រាជរដ្ឋាភិបាល បានកំណត់យកខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយអភិវឌ្ឍន៍តំបន់នេះទៅជាមជ្ឈមណ្ឌលឡូជីស្ទិក និងដឹកជញ្ជូនពហុទម្រង់ ជាមជ្ឈមណ្ឌលទេសចរណ៍ ជារមណីយដ្ឋានឆ្នេរសមុទ្រ ជាតំបន់ឧស្សាហកម្ម បច្ចេកវិទ្យា និងកែច្នៃឆ្លាតវៃ ។ ដោយឡែក សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ រាជរដ្ឋាភិបាល មានផែនការអភិវឌ្ឍន៍កំពង់ផែនេះជាដំណាក់កាល ដោយដំណាក់កាលទី១ មានជម្រៅទឹក១៤,៥ម៉ែត្រ ដំណាក់កាលទី២ មានជម្រោះទឹក ១៦,៥ម៉ែត្រ និងដំណាក់៣ មានជម្រៅទឹក ១៧,៥ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យនាវាដឹកទំនិញអន្តរជាតិធំៗប្រមាណ ៩៣%-៩៨% ចូលចតដោយផ្ទាល់បាន ៕