បរទេស ៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា អាជ្ញាធរប្រេស៊ីលសម្រេចផ្អាកការសាងសង់រោងចក្ររថយន្តអគ្គិសនីចិន BYD ដោយសារកម្មកររស់នៅក្នុងលក្ខខណ្ឌស្រដៀងគ្នាទៅនឹងទាសភាព។
ជាការឆ្លើយតប BYD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនដែលពាក់ព័ន្ធ ហើយនៅតែប្តេជ្ញាចិត្តចំពោះការអនុលោមតាមច្បាប់ពេញលេញរបស់ប្រទេសប្រេស៊ីល។ BYD បន្ថែមថា កម្មករដែលរងផលប៉ះពាល់នឹងត្រូវបានផ្លាស់ប្តូរទៅសណ្ឋាគារ។ លើសពីនេះ BYD ធ្លាប់បានធ្វើការត្រួតពិនិត្យលម្អិតឡើងវិញលើលក្ខខណ្ឌការងារ និងការរស់នៅសម្រាប់និយោជិតជាប់កិច្ចសន្យា ហើយបានស្នើសុំឱ្យក្រុមហ៊ុនសំណង់ធ្វើការកែលម្អជាច្រើនដងមកហើយ។
គួរឲ្យបញ្ជាក់ដែរថា រោងចក្រនៅប្រេស៊ីលនេះគ្រោងនឹងដំណើរការនៅខែមីនា ឆ្នាំ ២០២៥ ហើយត្រូវបានកំណត់ថាជារោងចក្រ EV ដំបូងបង្អស់របស់ BYD នៅខាងក្រៅអាស៊ី។ BYD មានឈ្មោះពេញថា Build Your Dreams គឺជាក្រុមហ៊ុនផលិតរថយន្ត EV ដ៏ធំបំផុតមួយរបស់ពិភពលោក។ ក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៣ វាបានលក់រថយន្តអគ្គិសនីច្រើនជាងរថយន្ត Tesla របស់ Elon Musk។ ឥឡូវនេះ ម៉ាករថយន្តទាំងពីរកំពុងប្រជែងគ្នាដណ្តើមតំណែងកំពូលនៅក្នុងវិស័យនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ BYD បានពង្រីកទីតាំងរបស់ខ្លួននៅក្នុងប្រទេសប្រេស៊ីល ដែលជាទីផ្សារក្រៅប្រទេសដ៏ធំបំផុតមួយរបស់ខ្លួន។ កាលពីឆ្នាំ២០១៥ ក្រុមហ៊ុននេះបានបើករោងចក្រដំបូងនៅទីក្រុងសៅប៉ូឡូ ដែលផលិតតួរថយន្តក្រុងអគ្គិសនី។ កាលពីឆ្នាំមុន BYD ប្រកាសថា ខ្លួននឹងវិនិយោគប្រហែល ៤៨២,២ លានដុល្លារនៅក្នុងប្រទេសប្រេស៊ីល ដើម្បីសាងសង់រោងចក្រផលិត EV ។
ការលក់រថយន្តអគ្គិសនី EV នៅក្នុងប្រទេសចិនត្រូវបានជំរុញដោយការឧបត្ថម្ភធនរបស់រដ្ឋាភិបាល ដែលលើកទឹកចិត្តអ្នកប្រើប្រាស់ផ្លាស់ប្តូរពីរថយន្តប្រើសាំងទៅជារថយន្ត EV ឬរថយន្តកូនកាត់។ យ៉ាងណាមិញ ករណីនេះបង្កជាការប្រតិកម្មកាន់តែខ្លាំងឡើងនៅបរទេស ដែលពួកគេមើលឃើញថាជាការគាំទ្រដោយអយុត្តិធម៌របស់រដ្ឋាភិបាលចិនចំពោះក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក។ ជាមួយគ្នានេះដែរ ទីផ្សារធំៗដូចជាសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បានដាក់ពន្ធលើរថយន្តអគ្គិសនី EV ពីប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះ ពន្ធអាចនឹងត្រូវបានដាក់បន្ថែមទៀត ពេលដែលប្រធានាធិបតីជាប់ឆ្នោត Donald Trump ចូលកាន់តំណែង៕