បរទេស៖ យោងតាមប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD អាចនឹងយកឈ្នះលើ Tesla ក្នុងការលក់រថយន្តអគ្គិសនី EV នៅឆ្នាំនេះ ជាមួយនឹងក្ដីរំពឹងថា ទីផ្សាររថយន្តប្រើអគ្គិសនីសុទ្ធ BEV នឹងកើនឡើងផងដែរ។
យោងតាមការស្រាវជ្រាវមួយរបស់ Counterpoint បានបង្ហាញថា ការផ្លាស់ប្តូរនេះបានបញ្ជាក់ពីលក្ខណៈថាមវន្តនៃទីផ្សារ EV សកលលោក។ ការលក់យានយន្តអគ្គិសនី EV នៅត្រីមាសទី ២ របស់ BYD បានកើនឡើងជិត ២១ ភាគរយប្រចាំឆ្នាំ ឬស្ម់ើនឹងប្រមាណ ៤២៦ ០៣៩ គ្រឿង ខណៈដែលការចែកចាយរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៤,៨ ភាគរយ ឬ មកនៅត្រឹម ៤៤៣ ៩៥៦ គ្រឿង។ កាលពីឆ្នាំមុន ផលិតកម្មសរុបរបស់ BYD មានចំនួនច្រើនជាង ៣ លានគ្រឿង ខណៈដែលផលិតកម្មរថយន្តសរុបរបស់ Tesla មានចំនួន ១,៨៤ លានគ្រឿងក្នុងរយៈពេល ២ ឆ្នាំជាប់គ្នា។
លោក Liz Lee នាយករងរបស់ Counterpoint Research បាននិយាយថា អត្រាពន្ធថ្មីរបស់សហភាពអឺរ៉ុបសម្រាប់រថយន្ត EV របស់ចិនមានគោលបំណងកម្រិតទីផ្សារសម្រាប់ក្រុមហ៊ុនផលិត EV នៅអឺរ៉ុប ដែលកំពុងតស៊ូប្រកួតប្រជែងជាមួយនឹងការនាំចូលក្នុងតម្លៃទាបពីប្រទេសចិន។ យ៉ាងណាមិញ ការដាក់ពន្ធបន្ថែមទអាចជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តចិនឆ្ពោះទៅរកទីផ្សារដែលកំពុងរីកចម្រើនដូចជាមជ្ឈិមបូព៌ា និងអាហ្វ្រិក អាមេរិកឡាទីន អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់។