ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា (CSX) បានទទួលក្រុមហ៊ុន SchneiTec Jupiter Co., Ltd. ចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតង ដោយអាចកៀរគរទុនរយៈពេលវែងបានប្រមាណ ១០០ លានដុល្លារអាម៉េរិក ដែលនឹងរួមចំណែកគាំទ្រដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាត និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា។
ពិធីចុះបញ្ជីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅអគារផ្សារមូលបត្រកម្ពុជា ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក Xavier Bettel ឧបនាយករដ្ឋមន្ត្រីលុចសំបួរ និងតំណាងអង្គទូត ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងតំណាងវិស័យឯកជនជាច្រើនរូប។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសម្តែងការអបអរសាទរចំពោះគណៈគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន SchneiTec Jupiter ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហេង សុជាតិ ដែលបានខិតខំបំពេញតាមលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជី រហូតសម្រេចបានការកៀរគរទុនរយៈពេលវែងប្រមាណ ១០០ លានដុល្លារអាម៉េរិក តាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតង។
លោកបានគូសបញ្ជាក់ថា ពិធីចុះបញ្ជីនេះមានសារៈសំខាន់ ដោយបង្ហាញពីការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍទីផ្សារមូលធន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងការកាត់បន្ថយការបំភាយឧស្ម័នកាបូន។
លោកបានបន្តថា ការសម្រេចបានគោលដៅទាំងនេះតម្រូវឱ្យមានការវិនិយោគក្នុងទំហំធំ ខណៈដែលប្រភពថវិការដ្ឋតែមួយមុខមិនអាចបំពេញតម្រូវការទាំងអស់បានឡើយ។ ក្នុងន័យនេះ ការកៀរគរទុនពីវិស័យឯកជនតាមរយៈទីផ្សារមូលធន ជាពិសេសការបោះផ្សាយសញ្ញាបណ្ណតាមវិស័យ (Thematic Bonds) គឺជាដំណោះស្រាយសមស្របសម្រាប់ការតភ្ជាប់ប្រភពទុនរយៈពេលវែងទៅកាន់គម្រោងដែលមានផលវិជ្ជមានលើបរិស្ថាន និងសង្គម។
លោកបណ្ឌិតសភាចារ្យបានបន្ថែមថា ការបោះផ្សាយសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងរបស់ SchneiTec Jupiter មិនត្រឹមតែជាការកៀរគរទុនរបស់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចបៃតង តាមរយៈការបង្កើតតម្លៃបន្ថែមខ្ពស់ ការបង្កើតការងារបៃតង និងការធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។
លោក Xavier Bettel ឧបនាយករដ្ឋមន្ត្រីលុចសំបួរ បានមានប្រសាសន៍ថា ក្នុងនាមជាមជ្ឈមណ្ឌលសកលសម្រាប់ឧបករណ៍សញ្ញាបណ្ណប្រកបដោយចីរភាព រដ្ឋាភិបាលលុចសំបួរមានសេចក្តីសោមនស្សចំពោះកិច្ចសហប្រតិបត្តិការនៅកម្ពុជា តាមរយៈវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ដែលបានផ្សារភ្ជាប់មហិច្ឆតាថាមពលស្អាតរបស់កម្ពុជាទៅនឹងលទ្ធភាពទទួលបានហិរញ្ញប្បទានប្រកបដោយចីរភាព។
លោកបានបង្ហាញក្តីសង្ឃឹមថា ការបោះផ្សាយសញ្ញាបណ្ណនេះនឹងផ្តល់ទំនុកចិត្តបន្ថែមដល់ធុរជន និងវិនិយោគិនក្នុងការចូលរួមក្នុងទីផ្សារមូលបត្រដែលកំពុងរីកចម្រើនរបស់កម្ពុជា។
ចំណែកលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអូស្ត្រាលីមានសេចក្តីសោមនស្សដែលបានសហការជាមួយនិយ័តករមូលបត្រកម្ពុជា (SERC) ក្នុងការរៀបចំក្របខណ្ឌបទប្បញ្ញត្តិសម្រាប់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ និងបានចូលរួមចំណែកក្នុងការបោះផ្សាយសញ្ញាបណ្ណជាប្រវត្តិសាស្ត្រនេះ។
លោកបានលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនកាន់តែច្រើនឱ្យអនុវត្តតាមគំរូនេះ តាមរយៈការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុដើម្បីគាំទ្រដល់ការវិនិយោគបន្ថែមលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សំដៅជំរុញកំណើនប្រកបដោយចីរភាព សន្តិសុខថាមពល និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។
លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍបៃតងគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការលើកកម្ពស់គុណភាពបរិស្ថាន និងសន្តិសុខថាមពលជាតិ។ លោកបន្តថា ការចុះបញ្ជីសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងរបស់ក្រុមហ៊ុន SchneiTec Jupiter គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ដែលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការលើកកម្ពស់ការផលិតថាមពលកកើតឡើងវិញ និងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលអគ្គិសនី។
លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា បានជម្រាបជូនអង្គពិធីថា សមិទ្ធផលនេះបង្ហាញពីការបន្តបំពេញបេសកកម្មរបស់ផ្សារមូលបត្រកម្ពុជា ក្នុងការគាំទ្រដល់ការកៀរគរទុនរយៈពេលវែងរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីជំរុញការអភិវឌ្ឍអាជីវកម្ម រួមចំណែកដល់ការផ្គត់ផ្គង់ថាមពលស្អាត និងប្រកបដោយចីរភាពជូនប្រជាពលរដ្ឋ ព្រមទាំងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។
លោកក៏បានស្វាគមន៍សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ព្រមទាំងក្រុមហ៊ុនអន្តរជាតិដែលមានសក្តានុពល និងបំពេញលក្ខខណ្ឌចុះបញ្ជី ឱ្យចូលរួមប្រើប្រាស់ទីផ្សារមូលធនដើម្បីកៀរគរទុនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ដោយឡែក លោកបណ្ឌិត ហេង សុជាតិ អគ្គនាយកក្រុមហ៊ុន SchneiTec Jupiter បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា រដ្ឋាភិបាលអូស្ត្រាលី និងដៃគូពាក់ព័ន្ធនានា ដែលបានចូលរួមក្នុងដំណើរការឆ្ពោះទៅសម្រេចបានសមិទ្ធផលនេះ។ លោកបានលើកឡើងថា សញ្ញាបណ្ណនេះបង្ហាញពីរបៀបដែលហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍អាចជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាតទ្រង់ទ្រាយធំ ទន្ទឹមនឹងការរួមចំណែកដល់សន្តិសុខថាមពល និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញវិស័យមូលបត្រកម្ពុជាឱ្យកាន់តែរីកចម្រើន រឹងមាំ មានតម្លាភាព និងទទួលបានទំនុកចិត្តខ្ពស់ តាមរយៈយុទ្ធសាស្ត្រស្នូលចំនួន៥ រួមមាន៖ ការពង្រឹងក្របខណ្ឌគតិយុត្ត និងអភិបាលកិច្ចសាជីវកម្មឱ្យស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ការធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុ និងហិរញ្ញវត្ថុបៃតង ការលើកទឹកចិត្តក្រុមហ៊ុនបោះផ្សាយ និងពង្រីកមូលដ្ឋានវិនិយោគិន ការជំរុញបរិវត្តកម្មឌីជីថល និងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងការផ្សព្វផ្សាយជាសាធារណៈអំពីការវិនិយោគក្នុងវិស័យមូលបត្រ។
ការចុះបញ្ជីសញ្ញាបណ្ណនេះ គឺជាការរួមចំណែកក្នុងការពង្រីកប្រភពហិរញ្ញប្បទានរយៈពេលវែងសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការវិនិយោគលើថាមពលស្អាត ស្របតាមទិសដៅអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងប្រកបដោយចីរភាពរបស់កម្ពុជា៕