បរទេស៖ យោងតាមប្រភពព័ត៌មានពី The New York Times បានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពី Donald Trump ឡើងកាន់អំណាចជាប្រធានាធិបតីអាម៉េរិកកំពុងស្ថិតនៅក្នុងដំណើរការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO)។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាម៉េរិក Donald Trump បានចុះហត្ថលេខាលើសកម្មភាពប្រតិបត្តិជាបន្តបន្ទាប់ប៉ុន្មានម៉ោងបន្ទាប់ពីក្លាយជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាម៉េរិកជាផ្លូវការ។ ការចុះហត្ថលេខារបស់ប្រធានាធិបតីរូបនេះរួមមាន៖ ការលុបចោលគោលនយោបាយចំនួន ៧៨ របស់ Joe Biden, ការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងអង្គការសុខភាពពិភពលោក, និងការបង្រ្កាបជនអន្តោប្រវេសន៍។ ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO) គឺជាបញ្ហាធ្ងន់ធ្ងរមួយដែលធ្វើឱ្យខូចដល់ជំហររបស់ប្រទេសក្នុងនាមជាមេដឹកនាំសុខភាពពិភពលោក និងធ្វើឱ្យវាកាន់តែពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតបន្ទាប់។
ការចាកចេញរបស់សហរដ្ឋអាម៉េរិកពី WHO មានន័យថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ប្រទេសនេះនឹងមិនអាចចូលប្រើប្រាស់ទិន្នន័យសកលដែលអង្គការផ្តល់នោះទេ។ ជាក់ស្តែងកាលពីឆ្នាំ ២០២០ ចិនកំណត់លក្ខណៈហ្សែននៃមេរោគឆ្លងថ្មី ហើយបានចេញផ្សាយព័ត៌មានទៅកាន់ WHO ដើម្បីបានចែករំលែកជាមួយប្រទេសដទៃទៀត។ Lawrence O. Gostin អ្នកជំនាញច្បាប់សុខភាពសាធារណៈនៅសកលវិទ្យាល័យ Georgetown ព្រមានថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពី WHO នឹងក្លាយជារបួសដ៏ធ្ងន់ធ្ងរចំពោះសុខភាពសាធារណៈរបស់ពិភពលោក ហើយវានឹងកាន់តែធ្ងន់ធ្ងរសម្រាប់ផលប្រយោជន៍ជាតិ និងសន្តិសុខជាតិរបស់អាម៉េរិក។