គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Nissan ដែលធ្លាប់ជាអ្នកនាំមុខគេមួយផ្នែកបច្ចេកវិទ្យា EV បានធ្លាក់ចុះបន្ទាប់ពីម៉ាកយីហោរបស់ចិន ដូចជា BYD មានសន្ទុះខ្លាំងខាងបច្ចេកវិទ្យា និងផលិតរថយន្តមានតម្លៃថោកជាង។ លើសពីនេះ ក្រុមហ៊ុន Honda ក៏រងសម្ពាធផងដែរ បន្ទាប់ពីខ្លួនបានប្រកាសពីផែនការលក់តែរថយន្តគ្មានការបំភាយឧស្ម័ននៅក្នុងទីផ្សារធំៗដូចជា អឺរ៉ុប និងសហរដ្ឋអាមេរិកនៅឆ្នាំ ២០៤០។ ទោះជាយ៉ាងណាក្តី តម្រូវការនៃរថយន្តអគ្គិសនី EV បានចុះខ្សោយ ខណៈដែលតម្លៃប្រេងឥន្ធនៈទាប និងកង្វះកន្លែងសាកថ្មរថយន្តអគ្គិសនី ដែលធ្វើឲ្យការផ្លាស់ប្តូរការប្រើប្រាស់រថយន្តសាំង និងម៉ាស៊ូតទៅជាអគ្គិសនីត្រូវបានរារាំង។
អ្នកជំនាញបានលើកឡើងថា ប្រសិនបើការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរកើតឡើងពិតមែន ទំហំនៃការវិនិយោគនឹងធំជាងមុនដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla និង BYD ហើយការរួមបញ្ចូលគ្នានេះនឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តពេញលេញមួយថែមទៀតផង។