ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ដោយសារតែវិនិយោគិនបរទេសកាន់តែច្រើនបានជ្រើសរើសយកតំបន់សេដ្ឋកិច្ចពិសេសធ្វើជាទីតាំងវិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្តមួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៦៥តំបន់ ក្នុងនោះ ៣៩ តំបន់កំពុងមានសកម្មភាព ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងមានដំណើរការនេះដែរ បានទាក់ទាញគម្រោងវិនិយោគបានចំនួន ១ ១២២ គម្រោង ជាមួយនឹងទឹកប្រាក់វិនិយោគសរុប ១៤,៥៩ពាន់លានដុល្លារអាម៉េរិក ។
លោក អឿន ធារ៉ា ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន អចលនទ្រព្យ Cam Realty បានឱ្យដឹងថា គោលបំណងនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជាត្រូវបានគេឃើញថា ដើម្បីទាក់ទាញគម្រោងវិនិយោគលើវិស័យឧស្សាហកម្ម រួមមាន រោងចក្រ និងសហគ្រាសជាដើម ។ ក្រោយពេលរាជរដ្ឋាភិបាលបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់ ក៏មានវិនិយោគិនជាច្រើនចាប់ផ្ដើមសម្លឹងរកមើលទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ពីព្រោះការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ធ្វើឱ្យវិនិយោគិនមានភាពងាយស្រួល ជាក់ស្ដែងរាល់ការរត់ឯកសារផ្សេងៗលឿនរហ័សជាងការវិនិយោគនៅទីតាំងក្រៅតំបន់សេដ្ឋកិច្ចពិសេស ហើយអ្វីដែលពិសេសនោះ រាជរដ្ឋាភិបាលក៏បានជ្រើសរើស ឬអនុម័តគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចសុទ្ធតែស្ថិតនៅទីតាំងយុទ្ធសាស្ត្រ ដោយរដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជូនដល់វិនិយោគិនផងដែរ។
លោកបន្តថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ច្រើនដល់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈអ្វីដែលរដ្ឋាភិបាលផ្ដល់ជូនវិនិយោគិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ វាក៏បានផ្ដល់អត្ថប្រយោជន៍មកកម្ពុជាវិញយ៉ាងច្រើនផងដែរ ។
លោកថា ៖« តំបន់សេដ្ឋកិច្ចពិសេស បានទាក់ទាញរំហូរទុនវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជា ( FDI ) កាន់តែច្រើន ជួយបង្កើតការងារជូនប្រជាពលរដ្ឋ ហើយបានបណ្ដុះបណ្ដាលជំនាញដល់មូលធនមនុស្សកម្ពុជា ធ្វើឱ្យបុគ្គលិក កម្មករកម្ពុជា អាចទទួលប្រាក់បៀវត្សរ៍ខ្ពស់សម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ » ។
លោកថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើន នឹងជួយជំរុញឱ្យវិស័យអចលនទ្រព្យកាន់តែមានសកម្មភាពប្រសើរ ជាក់ស្ដែង ការកើនឡើងនៃចំនួនរោងចក្រ និងក្រុមហ៊ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នឹងបង្កើតតម្រូវការលើដីធ្លីសម្រាប់សាងសង់រោងចក្រ ឃ្លាំង ការិយាល័យ និងលំនៅឋានសម្រាប់កម្មករ កម្មការិនីដែលធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះស្នាក់នៅបណ្តោះអាសន្ន ។ ការនេះនឹងបង្កើតឱកាសសម្រាប់ការទិញ-លក់ដី សម្រាប់អភិវឌ្ឍន៍ជាសំណង់អគារសម្រាប់ជួល ឬលក់បន្តទៀត ។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស បានធ្វើឱ្យតំបន់មួយចំនួនដែលធ្លាប់តែស្ងប់ស្ងាត់ ប្រែក្លាយជាតំបន់សេដ្ឋកិច្ច ឧស្សាហកម្មដ៏មានសក្ដានុពល តួយ៉ាង នៅខេត្តស្វាយរៀង ដែលដើមឡើយពឹងផ្អែកតែលើវិស័យកសិកម្មនោះ បច្ចុប្បន្ន បានប្រែក្លាយជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មដ៏ទាក់ទាញ បន្ទាប់ពីតំបន់សេដ្ឋកិច្ចពិសេសជាច្រើនបានបង្កើតឡើងនៅក្នុងខេត្តមួយនេះ ។
បច្ចុប្បន្ននេះ ខេត្តស្វាយរៀង បានចាត់ទុកជាខេត្តមួយដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនក្នុងចំណោមបណ្ដាខេត្តសក្ដានុពលនៅទូទាំងប្រទេស ដោយគិតត្រឹមពាក់កណ្ដាលឆ្នាំនេះ ស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសដែលមានដំណើរការរហូតដល់១២តំបន់ ។ ចំណែកខេត្តផ្សេងទៀត ដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ ភ្នំពេញ កំពង់ស្ពឺ និងខេត្តកណ្ដាល ក៏ជាតំបន់ដែលទាក់ទាញលើការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសផងដែរ ៕