បរទេស៖ ការវិលត្រឡប់មកវិញនូវព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 (F1) នៅទីលាន Sepang ក្រោយការលុបចោលជិត ១០ ឆ្នាំនោះ ម៉ាឡេស៊ី រំពឹងថានឹងអាចរកចំណូលចូលសេដ្ឋកិច្ចបានចន្លោះពី ១,១ ពាន់លាន ទៅ ១,៣ ពាន់លានរីងហ្គីត (ប្រហែល ២៦៩ លាន ទៅ ៣១៨ លានដុល្លារ) នេះបើយោងតាមសេចក្ដីរាយការណ៍ពី New Strait Times។
អ្នកតាមដានក្នុងវិស័យប្រណាំងរថយន្តលំដាប់ពិភពលោកបានលើកឡើងថា ព្រឹត្តិការណ៍នេះអាចជួយស្តារឡើងវិញនូវវិស័យទេសចរណ៍ និងអាជីវកម្មដែលផ្តល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចម៉ាឡេស៊ី។ ការប្រណាំងឡាន F1 នៅម៉ាឡេស៊ីនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២-៤ ខែតុលាខាងមុខនេះ ក្រោមឈ្មោះ Bahrain Grand Prix ដោយសារការប្រណាំងនៅប្រទេសបារ៉ែនត្រូវបានលុបចោលក្រោយភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
ធនាគារវិនិយោគហុងលីអុង (HLIB) បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចម៉ាឡេស៊ីអាចរកចំណូលពីព្រឹត្តិការណ៍នេះបានចន្លោះពី ១,១ ពាន់លាន ទៅ ១,៣ ពាន់លានរីងហ្គីត ឬប្រហែល ២៦៩ លាន ទៅ ៣១៨ លានដុល្លារ ដែលជំរុញឡើងតាមរយៈការចំណាយរបស់អ្នកទស្សនា និងទេសចរអន្តរជាតិ។ ភ្ញៀវទេសចរដែលមកទស្សនាការប្រណាំង F1 នឹងចំណាយប្រាក់ជាមធ្យម ៨.៨៧៩ រីងហ្គីត (ជិត ២ ២០០ ដុល្លារ) ក្នុងម្នាក់ ដែលនេះឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុដ៏ធូរធាររបស់ក្រុមអ្នកគាំទ្រកីឡានេះមកពីជុំវិញពិភពលោក ខណៈដែលម៉ាឡេស៊ី មិនទទួលចំណាយថវិកាខ្លួនឯងទាំងស្រុងសម្រាប់រៀបចំការប្រណាំង F1 ដូចអតីតកាលនោះទេ។
លោកនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Anwar Ibrahim បានលើកឡើងថា ប្រទេសបារ៉ែន ជាអ្នកទទួលរ៉ាប់រងលើថ្លៃចុះឈ្មោះ និងថ្លៃរៀបចំកម្មវិធីចន្លោះពី ៧០ លានទៅ ៨០ លានដុល្លារ ខណៈដែលម៉ាឡេស៊ីចំណាយប្រហែលជិត ១០ លានដុល្លារប៉ុណ្ណោះសម្រាប់ជួសជុលផ្លូវឱ្យស្របតាមស្តង់ដាររបស់ F1 ។ ក្រោមការរៀបចំនេះ បារ៉ែន នឹងទទួលបានប្រាក់ចំណូលទាំងអស់ពីការលក់សំបុត្រ ខណៈដែលម៉ាឡេស៊ីនឹងទទួលបានផលប្រយោជន៍ពីការចំណាយរបស់ភ្ញៀវទេសចរ ដូចជា ការចំណាយលើសណ្ឋាគារ, អាហារ និងភេសជ្ជៈ, សេវាកម្មដឹកជញ្ជូន, ការទិញទំនិញ, និងដំណើរកម្សាន្តជាដើម។ ម៉ាឡេស៊ី មានទំនាក់ទំនងពាណិជ្ជកម្ម និងបច្ចេកវិទ្យាយ៉ាងស៊ីជម្រៅជាមួយ F1 រួចជាស្រេចតាមរយៈក្រុមហ៊ុនប្រេងរដ្ឋ Petronas ដែលជាដៃគូជាមួយក្រុមប្រណាំង Mercedes-AMG Formula 1។ ទំនាក់ទំនងនេះផ្តោតសំខាន់កាន់តែខ្លាំងឡើងលើបច្ចេកវិទ្យា ការស្រាវជ្រាវ និងការអភិវឌ្ឍប្រេងឥន្ធនៈដែលមាននិរន្តរភាពជាងមុន។ លើសពីនេះ ម៉ាឡេស៊ី ទទួលបាននូវកេរ្តិ៍ឈ្មោះសម្រាប់សមត្ថភាពផ្នែកវិស្វកម្ម ឧស្សាហកម្មកែច្នៃយានយន្ត និងបច្ចេកវិទ្យា។
គួរឲ្យបញ្ជាក់ដែរថា ម៉ាឡេស៊ីចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះ F1 ដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ ២០១៧ ដោយរៀបចំឡើងនៅលើទីលាន Sepang។ ក្នុងរយៈពេលមួយទសវត្សរ៍ដំបូង ព្រឹត្តិការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកតាមដានវិស័យ F1 និងភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករ ព្រមទាំងជួយផ្សព្វផ្សាយឈ្មោះម៉ាឡេស៊ី នៅលើឆាកអន្តរជាតិយ៉ាងខ្លាំងក្លា ដោយមានក្រុមហ៊ុនប្រេងរដ្ឋ Petronas ជាអ្នកឧបត្ថម្ភធំ។ យ៉ាងណាក៏ដោយ បើទោះបីជាធ្លាប់ទទួលបានជោគជ័យក្នុងវិស័យនេះក៏ដោយ ប៉ុន្តែម៉ាឡេស៊ីបានសម្រេចចិត្តឈប់រៀបចំការប្រណាំង F1 បន្ទាប់ពីឆ្នាំ២០១៧ ដោយសារកត្តាចម្បងៗមួយចំនួនដូចជា៖ ថ្លៃសិទ្ធិរៀបចំឡើងថ្លៃពី ៥ ភាគរយទៅ ១០ ភាគរយជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យការចំណាយផ្នែកហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ, ការធ្លាក់ចុះនៃចំនួនអ្នកទស្សនា និងចំណូលពីការលក់សំបុត្រ, និងការប្រកួតប្រជែងខ្លាំងពីសិង្ហបុរី។ ចាប់តាំងសិង្ហបុរីក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ F1 នៅឆ្នាំ២០០៨ មក ប្រជាប្រិយភាពរបស់ទីលានម៉ាឡេស៊ី Sepang បានថយចុះ។ លើសពីនេះ ការប្រែប្រួលនៃចំណូលចិត្តរបស់ពលរដ្ឋក្នុងស្រុក ភាគច្រើនងាកទៅរកការប្រណាំងម៉ូតូ MotoGP ច្រើនជាងការប្រណាំងឡាន F1។ ហេតុផលទាំងនេះហើយ ទើបធ្វើឱ្យរដ្ឋាភិបាលម៉ាឡេស៊ីសម្រេចចិត្តថា មិនបន្តកិច្ចសន្យាទៀតនោះទេ ព្រោះការចំណាយថ្លៃពេក និងទទួលបានចំណូលទាប៕