ថ្មីៗនេះ ក្រុមហ៊ុនភេសជ្ជៈយក្ស Osotspa Plc (OSP) បានប្រកាសថា នឹងលក់ភាគហ៊ុនរបស់ខ្លួននៅក្នុង Golden Eagle និង Myanmar Golden Glass ក្នុងតម្លៃ ១៣៦ លានបាត (៣,៩៧ លានដុល្លារ)។
លោក Ratiporn Ratcharoen ប្រធានផ្នែកហិរញ្ញវត្ថុរបស់ OSP លើកឡើងថា ការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធពីរដែលមានមូលដ្ឋាននៅមីយ៉ាន់ម៉ា គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនក្នុងការពង្រឹងអាជីវកម្មស្នូលរបស់ខ្លួន និងការធ្វើអាជីវកម្មមិនមែនស្នូល។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតផលប្លាស្ទិក TPBI Public Company Limited បានជូនដំណឹងដល់ផ្សារហ៊ុនថៃ (SET) កាលពីខែកក្កដាថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានសម្រេចចិត្តបិទគណនីដែលទាក់ទងនឹង TPBI & Myanmar Star Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅមីយ៉ាន់ម៉ា ដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចក្នុងប្រទេសមីយ៉ាន់ម៉ា។
កាលពីខែវិច្ឆិកាឆ្នាំមុន ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ និងពិធីការ Grand Prix International Plc ក៏បានជូនដំណឹងដល់ SET អំពីការបិទក្រុមហ៊ុន GPI Myanmar Company Limited នៅមីយ៉ាន់ម៉ាផងដែរ។ បន្ថែមពីនេះ Kriangkrai Kanjanapokin ស្ថាបនិក និងជានាយកប្រតិបត្តិ Index Creative Village លើកឡើងថា ក្រុមហ៊ុនរបស់គាត់បានសម្រេចចិត្តបញ្ឈប់អាជីវកម្មគ្រប់គ្រងព្រឹត្តិការណ៍នៅមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០២៣ បន្ទាប់ពីប្រតិបត្តិការជិត ៤ ឆ្នាំនៅក្នុងប្រទេសនេះ។ ឥឡូវនេះ លោកមិនមានផែនការចូលទីផ្សារមីយ៉ាន់ម៉ាវិញនោះទេ លុះត្រាតែស្ថានការណ៍វិលមករកភាពប្រក្រតីវិញ ១០០ ភាគរយ។
ទោះជាយ៉ាងណាក្តី មិនមែនក្រុមហ៊ុនថៃទាំងអស់សុទ្ធតែដកខ្លួនចេញពីមីយ៉ាន់ម៉ានោះទេ។ ថ្មីៗនេះ ក្រុមហ៊ុន Thai Beverage Plc បានរាយការណ៍ពីការកើនឡើងនៃប្រាក់ចំណូលនៅក្នុងអាជីវកម្មស្រារបស់ខ្លួននៅមីយ៉ាន់ម៉ាក្នុងរយៈពេល ៩ខែកន្លងមកនេះ។ ក្រុមហ៊ុននេះបានទិញភាគហ៊ុន ៧៥ ភាគរយនៅក្នុង Grand Royal Group ដែលជាក្រុមហ៊ុនផលិតស្រាវីស្គីដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១៧។ បន្ថែមពីនេះ ក្រុមហ៊ុន Thai Bev ក៏បានវិនិយោគជាង ៥០០ លានបាត (១៤,៦២ លានដុល្លារ) នៅក្នុងរោងចក្រផលិតស្រាបៀរនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Thai President Foods ដែលជាក្រុមហ៊ុនផលិតមីម៉ាម៉ាក៏កំពុងដំណើរការនៅទីនោះផងដែរ។