បរទេស ៖ ភាពរីកចម្រើននៃការច្នៃប្រឌិតឥតឈប់ឈរនៅក្នុងបច្ចេកវិទ្យាឆ្លាតវ៉ៃ AI (artificial intelligence) នឹងបណ្តាលឲ្យអនាគតរបស់មនុស្សជាតិកាន់តែផ្លាស់ប្តូរទៅដល់គ្រប់វិស័យទាំងអស់នៅពេលខាងមុខនេះដោយគ្មានអ្វីមករារាំងបានឡើយ។ ជាការកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ AI បានចាក់ស្រេះកាន់តែជ្រៅក្នុងឧស្សាហកម្មនៃបច្ចេកវិទ្យាធំៗរបស់ពិភពលោក រាប់ចាប់តាំងពីបច្ចេកវិទ្យា Big Data, Robotics និង IoT ជាដើម។
ក្នុងចំណោមប្រភេទ AI ទាំងនោះគេសង្កេតឃើញថា ម៉ូដេល Generative AI ដែលមានមុខងារផលិតមាតិកានានា កំពុងទទួលបានការប្រើប្រាស់ខ្លាំងបំផុតជាមួយចំនួនអ្នកប្រើប្រាស់រាប់ពាន់លាននាក់ជារៀងរាល់ថ្ងៃ ហើយការអភិវឌ្ឍខ្លួនរបស់ Generative AI ក៏កាន់តែមានសន្ទុះលឿនឥតឈប់ឈរផងដែរ។
របាយការណ៍គួរឲ្យភ្ញាក់ផ្អើលមួយដែលបង្ហាញដោយ Builtin.com និងត្រូវបានដកស្រង់ទិន្នន័យចេញពីំក្រុមហ៊ុន McKinsey & Company បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៤ បណ្តាក្រុមហ៊ុនសហគ្រាសរបស់ពិភពលោកប្រមាណជា ៤២ភាគរយ បានសម្រេចដាក់បញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយតាមការព្យាករណ៍នៅចន្លោះពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៨ បណ្តាសហគ្រាសដល់ទៅ៩២ភាគរយនឹងរៀបចំការវិនិយោគទៅលើបច្ចេកវិទ្យា AI នៅក្នុងក្រុមហ៊ុនរបស់ពួកគេ ពោលគឺមានការកើនឡើងដល់ទៅជាង១០០ភាគរយ។
កិច្ចការងារដំបូងដែល AI អាចធ្វើបាននោះគឺការបង្កើនទំហំផលិតភាពក្នុងវិស័យផលិតកម្ម ដែលធ្វើឲ្យអាជីវកម្មក្នុងវិស័យផលិតស្វ័យប្រវត្តិហក់ឡើងកាន់តែច្រើន ប៉ុន្តែ វាក៏អាចធ្វើឲ្យប៉ះពាល់ដល់អត្រាការងារបែបប្រពៃណីមួយចំនួនដែលមិនពឹងផ្អែកទៅលើបច្ចេកវិទ្យាដែរ។ AI នឹងកាត់បន្ថយអត្រាធ្វើការងារដែលមិនចាំបាច់ ឬអាចជំនួសបានដោយម៉ាស៊ីនស្វ័យប្រវត្តិ ដែលប៉ះពាល់ឱកាសការងាររាប់សិបលានកន្លែងជារៀងរាល់ឆ្នាំ។
បន្ថែមពីនេះ ពិភពលោកប្រឈមមុខនឹងបញ្ហាសន្តិសុខចំពោះសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ឬ Data Privacy ពីព្រោះថា ក្រុហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា AI និងមុខងារស្វ័យប្រវត្តិកម្មត្រូវការចាំបាច់នូវទិន្នន័យទំហំធំ ដូច្នេះ ការប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បានក្លាយទៅជាគោលដៅដ៏ចម្រូងចម្រាស។ ជាក់ស្តែង តុលាការអន្តរជាតិបានបើកការស៊ើបអង្កេតជាច្រើនដងមកហើយពាក់ព័ន្ធទៅនឹងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួន។ ក្រៅពីនេះ ក៏មានបង្កើតច្បាប់គ្រប់គ្រងបច្ចេកវិទ្យា AI និងជួយធ្វើឲ្យប្រសើរឡើងនៃភាពប្រឈមវិបត្តិបម្រែបម្រួលអាកាសធាតុ ដែលជាកិច្ចការងារផ្សេងទៀតរបស់ AI ផងដែរ។