បរទេស៖ យោងតាមប្រភពព័ត៌មានពី Business Standard បានរាយការណ័៍ថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្តល់នូវទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានសម្រាប់សហរដ្ឋអាមេរិកនៅឆ្នាំនេះ ខណៈពេលដែលបន្ថយការរំពឹងទុករបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចនៅអឺរ៉ុប និងមហាយក្សចិន។
កាលពីថ្ងៃអង្គារ៍កន្លងទៅ IMF បានព្យាករណ៍ថា សហរដ្ឋអាម៉េរិកនៅបន្តរក្សាតំណែងជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចពិភពលោក ដោយសារសេដ្ឋកិច្ចអាមេរិកនឹងកើនឡើង ២,៨ ភាគរយនៅឆ្នាំ២០២៤។ តួលេខនេះ បើទោះបីជាធ្លាក់ចុះបន្តិចពីកំណើន ២,៩ ភាគរយកាលពីឆ្នាំ២០២៣ ក៏ដោយ ប៉ុន្តែវាមានភាពប្រសើរជាងការព្យាករណ៍លើកមុនរបស់ IMF ដែលមានត្រឹម ២,៦ ភាគរយ។ កំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកត្រូវបានជំរុញដោយការចំណាយរបស់អ្នកប្រើប្រាស់ដ៏រឹងមាំ។ យ៉ាងណាមិញ IMF បានកាត់បន្ថយការព្យារណ៍របស់ខ្លួនថា កំណើនសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចុះមកនៅត្រឹម ២,២ ភាគរយនៅឆ្នាំ ២០២៥ ។ ជាមួយនឹងរដ្ឋបាលប្រធានាធិបតីថ្មី IMF យល់ឃើញថា ទីផ្សារការងាររបស់ប្រទេសនឹងបាត់បង់សន្ទុះខ្លះនៅឆ្នាំ២០២៥ ពោលគឺនៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមស្វែងរកវិធីទប់ស្កាត់ឱនភាពថវិកាដ៏ធំដោយអាចនឹងការបន្ថយការចំណាយ ការដំឡើងពន្ធ ឬ ការអនុវត្តវិធីទាំងពីររួមគ្នា។