ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាល ទៅសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)នៅចក្រភពអង់គ្លេស តាមរយៈការចូលរួមកម្មវិធីពិព័រណ៍ទេសចរណ៍ពិភពលោក (World Travel Market) និងវេទិកាពិភាក្សាថ្នាក់រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅក្នុងសប្ដាហ៍នេះ នាទីក្រុងឡុងដ៏។
វេទិកាបានប្រារព្ធធ្វើឡើងក្រោមប្រធានបទស្តីអំពី Reimagining Tourism Investment Models: Building Next-Generation Incentives ដោយមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍ជាង៥០ប្រទេស តំណាងរបស់អង្គការសហប្រជាជាតិទេសចរណ៍ (UN Tourism) និងក្រុមប្រឹក្សាទេសចរណ៍ពិភពលោក (WTTC) អ្នកជំនាញវិស័យទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ធំៗ និងសារព័ត៌មានអន្តរជាតិជាច្រើនស្ថាប័ន រួមទាំង BBC News ជាច្រើនរូប។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបជាមួយបណ្តាក្រុមហ៊ុននានា ទស្សនាវដ្តីទេសចរណ៍ល្បីៗ បណ្តាញព័ត៌មានអន្តរជាតិដ៏ធំ និងល្បីល្បាញរបស់អង់គ្លេស BBC និងពិធីករល្បី ក្នុងគោលបំណងទាក់ទាញទេសចរ និងការបណ្តាក់ទុនលើវិស័យទេសចរណ៍។
ក្រុមហ៊ុន TUI Group នឹងបន្តពង្រីកការវិនិយោគ និងចូលរួមជួយគំាទ្រវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត
ក្នុងជំនួបពិភាក្សាការងារជាមួយលោក Thomas Ellerbeck សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងជានាយកក្រុមសាជីវកម្ម និងកិច្ចការទំនាក់ទំនងខាងក្រៅនៃក្រុមហ៊ុន TUI Group ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានជឿទុកចិត្តលើរាជរដ្ឋាភិបាល តាមរយៈការបោះទុនវិនិយោគលើការបង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន២ រួចទៅហើយនៅកម្ពុជា គឺនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ព្រមទាំងគម្រោងថ្មីៗបន្ថែមទៀត។
ឯកឧត្តមក៏បានអញ្ជើញក្រុមហ៊ុន លោក Thomas Ellerbeck និងសហការី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យឱ្យកាន់តែច្បាស់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា ជាពិសេស គឺសក្តានុពលនៅតំបន់អេកូទេសចរណ៍នាភាគឦសាន។
ក្រុមហ៊ុនទេសចរណ៍ដ៏ល្បី និងនាំមុខគេមួយនៅអង់គ្លេស Audley Travel ដែលតែងតែនាំភ្ញៀវទេសចរអង់គ្លេសជាច្រើនមកកម្ពុជា ប្តេជ្ញានាំទេសចរអង់គ្លេសមកទស្សនាកម្ពុជាឱ្យបានច្រើនថែមទៀត
លោកស្រី Rebecca Edwards នាយិកាទទួលបន្ទុកផលិតផលជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Audley Travel ដែលជាក្រុមហ៊ុនទេសចរណ៍ដ៏ល្បីរបស់អង់គ្លេស ដែលតែងតែនាំភ្ញៀវទេសចរអង់គ្លេសជាច្រើនមកទស្សនាកម្ពុជា បានសន្យាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងផ្តល់ចំណាត់ថ្នាក់ទីក្រុងសៀមរាបជាទីក្រុងគោលដៅទេសចរណ៍ដ៏ល្អមួយប្រចាំឆ្នាំ២០២៥ ដោយ Lonely Planet ឱ្យកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរអង់គ្លេសនិងអន្តរជាតិ។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញលោកស្រី និងសហការីមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗដើម្បីជ្រាបឱ្យកាន់តែច្បាស់ និងជួយ ផ្សព្វផ្សាយបន្តពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនអង់គ្លេស។
ទស្សនាវដ្តីទេសចរណ៍ដ៏ល្បី និងបោះពុម្ពច្រើនជាងគេនៅប្រទេសអង់គ្លេស និងតំបន់អឺរ៉ុប Wanderlust Magazine សន្យាជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយដល់ប្រជាជនអង់គ្លេស និងពិភពលោក
ឯកឧត្តម ហួត ហាក់ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Lyn Hughes សហស្ថាបនិកទស្សនាវដ្តី Wanderlust ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីចាប់តាំងពីឆ្នាំ១៩៩៣ និងមានអ្នកអាននាំមុខគេនៅក្នុងប្រទេសអង់គ្លេស និងទ្វីបអឺរ៉ុប។
លោកស្រី Lyn Hughes សន្យាជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែបដល់ប្រជាជនអង់គ្លេស និងពិភពលោក។
សៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ដ៏ល្បីរបស់ពិភពលោក Lonely Planet បានចាត់ថ្នាក់ទីក្រុងសៀមរាបជាគោលដៅទេសចរណ៍ដ៏ល្អមួយក្នុងឆ្នាំ២០២៥
ក្នុងជំនួបការងារជាមួយឯកឧត្តម រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Tom Hall អនុប្រធានក្រុមហ៊ុន Lonely Planet ដែលជាម្ចាស់សៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ដ៏ល្បីរបស់ពិភពលោក បានសន្យានឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានផ្តល់ចំណាត់ថ្នាក់ទីក្រុងសៀមរាបជាគោលដៅទេសចរណ៍ដ៏ល្អមួយដែលត្រូវតែមកទស្សនាក្នុងឆ្នាំ២០២៥ នេះ។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញលោក Tom Hall និងសហការី មកទស្សនានៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗ ដើម្បីបានឃើញផ្ទាល់ និងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនអង់គ្លេស និងពិភពលោកទាំងមូល។
ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាទេសចរណ៍ដ៏ល្បី Simplenight ចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍កម្ពុជា និងកាលានវុត្តភាពវិនិយោគទេសចរណ៍របស់កម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Simplenight ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាទេសចរណ៍ដ៏ធំ និងឈានមុខគេមួយលើពិភពលោក ដែលចង់ស្វែងយល់ពីកតា្តសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច សង្គមក្រោមការដឺកនំារបស់រាជរដ្ឋាភិបាល ព្រមទាំងបានជ្រាបពីសក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែប និងកាលានុវត្តភាពវិនិយោគលើវិស័យទេសចរណ៍។
បណ្តាញព័ត៌មានអន្តរជាតិដ៏ធំ និងល្បីល្បាញរបស់អង់គ្លេស BBC នឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនអង់គ្លេស និងពិភពលោក
ឯកឧត្តម រដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក John Williams ទទួលបន្ទុកការផ្សាយប្រចាំតំបន់អាស៊ីអគ្នេយ៍ និងសិង្ហបូរី និងលោក Nick Kwek ជាពិធីករកម្មវិធីស្តីពីម្ហូបអាហារជុំវិញពិភពលោក នៃបណ្តាញ BBC Global News Limited ដើម្បីជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាជាពិសេសគឺការផ្សព្វផ្សាយអំពីម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់ កម្ពុជា។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញអ្នកកាសែតទាំងពីររូបមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗ ដើម្បីមកទស្សនា និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនអង់គ្លេស និងពិភពលោកទាំងមូល។
សូមជម្រាបថា ៖ ពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) ជាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំដ៏ធំមួយក្នុងតំបន់អឺរ៉ុបចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស ដែលមានអ្នកចូលរួមពីវិស័យទេសចរណ៍ប្រមាណជាង៥០.០០០នាក់ ស្តង់ពិព័រណ៍ (Booths) ចំនួនជាង៤,០០០ ស្តង់មកពីជាង១៨០ប្រទេសជុំវិញពិភពលោក ដោយព្រះរាជាណាចក្រកម្ពុជាបានរៀបចំពន្លាទេសចរណ៍ដ៏ធំ និងស្រស់ស្អាត៕