ភ្នំពេញ ៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តភូមិភាគឦសាន រហូតមកដល់ពេលបច្ចុប្បន្ននេះបានមើលឃើញថា មានវិនិយោគិនជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងារបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ ដែលសរុបជាដើមទុនមានទំហំរាប់ពាន់លានដុល្លារ។ ជាក់ស្ដែង គិតមកត្រឹមដំណាច់ខែសីហាកន្លងទៅនេះ មានគម្រោងវិនិយោគចំនួន១៤ ជាមួយនឹងទំហំដើមទុនសរុបប្រមាណ ១,៣ពាន់លានដុល្លារអាម៉េរិក បានស្នើសុំគោលការណ៍លើកទឹកចិត្តពីកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងវិនិយោគរបស់ខ្លួននៅពេលឆាប់ៗខាងមុខ ។
យោងតាមរបាយការណ៍របស់ក្រុមការងារលេខាធិការដ្ឋាននៃកម្មវិធីពិសេសជំរុញការវិនិយោគភូមិភាគឦសានចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា គិតត្រឹមចុងខែសីហា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានទទួលការស្នើសុំលើកទឹកចិត្តលើគម្រោងវិនិយោគចំនួន ១៤ ទៅលើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ទេសចរណ៍ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសាងសង់កំពង់ផែពហុបំណង ដែលមានទុនវិនិយោគសរុបប្រមាណ ១,៣ពាន់លានដុល្លារអាម៉េរិក ។
នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានកាលពីចុងសប្ដាហ៍មុននេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីពិសេស និងកិច្ចពិភាក្សាលើយន្តការសម្របសម្រួលការវិនិយោគក្នុងភូមិភាគឦសាន ដើម្បីឈានទៅរៀបចំ និងអនុវត្តផែនការសកម្មភាពកម្មវិធីពិសេសឱ្យកាន់តែ មានប្រសិទ្ធភាព និងតម្លាភាព សំដៅចូលរួមចំណែកក្នុងការកសាងមូលដ្ឋានសង្គម-សេដ្ឋកិច្ច និងជាពិសេស លើកកម្ពស់ជីវភាពពលរដ្ឋក្នុងតំបន់ឱ្យកាន់តែប្រសើរ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែ និងកំណត់ទិសដៅក្រុមការងារលេខាធិការដ្ឋានកម្មវិធីពិសេសជំរុញការវិនិយោគនៅភូមិភាគឦសានឱ្យខិតខំជំរុញការអនុវត្តកម្មវិធីពិសេសនេះឱ្យកាន់តែសស្រាក់សស្រាំបន្ថែមទៀត ដោយមិនត្រូវផ្ដោតសំខាន់លើកិច្ចការងារសម្របសម្រួល និងលើកទឹកចិត្តគម្រោងវិនិយោគថ្មីប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែទាំគម្រោងវិនិយោគរបស់រោងចក្រ សហគ្រាសដែលមានស្រាប់ក្នុងតំបន់ តាមរយៈការចុះជួបផ្ទាល់ និងទទួលស្គាល់នូវរាល់កង្វល់ និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការវិនិយោគ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមរបស់រោងចក្រ សហគ្រាស ក្នុងតំបន់ ក្នុងគោលដៅលើកកម្ពស់ផលិតកម្ម ពិសេសផលិតផលជំនួសសម្រាប់បំពេញតម្រូវការទីផ្សារ និងឈានទៅនាំចេញ ស្របតាមបរិការណ៍ដែលកម្ពុជាកំពុងមានជម្លោះជាមួយប្រទេសថៃ និងការដែលប្រជាពលរដ្ឋកម្ពុជា មានទំនោរមិនប្រើប្រាស់ផលិតផលថៃ ។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានដោយក្នុងនោះក៏មានខេត្តរតនគិរីផងដែរ បានផ្ដោតលើវិស័យសំខាន់ៗដូចជា កសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យទេសចរណ៍ ។ ទន្ទឹមនេះដែរ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគាំទ្រ និងជំរុញការវិនិយោគ ៣ ប្រភេទ រួមមាន៖ ១. វិធានការផ្នែកពន្ធដារ និងពន្ធគយ, ២. ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ និង ៣. ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន ។
គួររំលឹកថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា នាថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥ ។ ខេត្តទាំងបួននេះតំបន់ភូមិភាគឦសាននេះរួមមាន ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដែលខេត្តទាំងនេះ មានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម កសិ-ទេសចរណ៍ វិស័យទេសចរណ៍ និងថាមពលជាដើម ។
ជាកត់សម្គាល់ តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគនៅតាមបណ្ដាខេត្តសក្ដានុពល បាន និងកំពុងហុចផលដល់បណ្ដាខេត្តទាំងនោះ ជាក់ស្ដែងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាច្រើនចូលបណ្ដាក់ទុនវិនិយោគ ដែលជាសកម្មភាពមួយដ៏សំខាន់ក្នុងការគាស់នូវភាពស្ងប់ស្ងាត់ក្នុងតំបន់ឱ្យមានភាពសកម្ម និងមមាញឹកឡើងវិញ ទាំងពាណិជ្ជកម្ម ទាំងការវិនិយោគ៕