បរទេស៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន និងកិច្ចព្រមព្រៀងទ្វេភាគីជាមួយហ្វីលីពីន ក្នុងគោលដៅពង្រីកទីផ្សារនាំចេញ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business World។
យោងតាមការិយាល័យនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងប្រើប្រាស់កិច្ចប្រជុំកំពូលនៅទីក្រុងម៉ានីល ដើម្បីជំរុញការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ឱ្យបានជាស្ថាពរ ព្រមទាំងស្វែងរកការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកាណាដា-ហ្វីលីពីនផងដែរ។
កាណាដារំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាននឹងជួយបង្កើនផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនចំនួន ២,៥៥ ពាន់លានដុល្លារកាណាដា ឬប្រមាណ ១,៨ ពាន់លានដុល្លារអាម៉េរិក និងគាំទ្រដល់ការនាំចេញទៅកាន់តំបន់នេះឱ្យលើសពី ៣,៥ ពាន់លានដុល្លារកាណាដា ឬប្រមាណ ២,៥ ពាន់លានដុល្លារអាម៉េរិក។
រដ្ឋាភិបាលកាណាដា និងអាស៊ានបានចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ចំណែក កាណាដា និងហ្វីលីពីនបានចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅចុងឆ្នាំ២០២៥ បន្ទាប់ពីរដ្ឋាភិបាលកាណាដាទទួលបានសិទ្ធិអំណាចពីសភា ដើម្បីបន្តនីតិវិធីចរចា។
កាលពីដើមឆ្នាំ២០២៦ លោក Mark Carney និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand R. Marcos, Jr. បានប្តេជ្ញាថា នឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីឱ្យបានមុនដំណាច់ឆ្នាំ២០២៦។
សម្រាប់កាណាដា ការជំរុញការចរចានៅទីក្រុងម៉ានីល គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងវត្តមានពាណិជ្ជកម្មរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ស្របពេលរដ្ឋាភិបាលនានាកំពុងស្វែងរកការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ និងការចូលទៅកាន់ទីផ្សារថ្មីៗ។ ចំណែក ហ្វីលីពីន និងអាស៊ាន អាចទទួលបានឱកាសពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយកាណាដា ដែលជាសមាជិកក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលកាណាដាកំពុងពង្រីកទំនាក់ទំនងជាមួយដៃគូអន្តរជាតិផ្សេងទៀត ដើម្បីធ្វើពិពិធកម្មទីផ្សារ បើកទីផ្សារថ្មី ទាក់ទាញការវិនិយោគ និងជំរុញសកម្មភាពសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងនេះក៏ត្រូវបានភ្ជាប់ជាមួយនឹងការពង្រីកកិច្ចសហប្រតិបត្តិការការទូតរបស់កាណាដានៅតាមតំបន់នានាផងដែរ។
គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំអន្តរជាតិនៅប្រទេសចំនួន៤ រួមមាន កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅហ្វីលីពីន កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា កិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុបនៅអៀរឡង់ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅប្រទេសចិន៕