មណ្ឌលគិរី៖ ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំងក្នុងខេត្ត និងរាជធានីភ្នំពេញ។ កសិករដាំដុះដំណាំនេះអាចប្រមូលផលផ្គត់ផ្គង់ទីផ្សារបានប្រមាណ ៥០០ គីឡូក្រាមក្នុងមួយថ្ងៃ ក្នុងតម្លៃលក់រាយ ១២,០០០ រៀលក្នុងមួយគីឡូក្រាម។
អ្នកស្រី មុយ វលក្ខ៍ បានប្រាប់បណ្ដាញព័ត៌មាន AMS ថា អ្នកស្រីបានដាំស្ពៃបូកគោពូជជប៉ុននេះអស់រយៈពេលយូរមកហើយ ដោយដាំលាយឡំជាមួយបន្លែជាច្រើនប្រភេទទៀត ដើម្បីផ្គត់ផ្គង់ទៅឱ្យអ្នកបញ្ជាទិញយកទៅចែកចាយនៅតាមបណ្ដាផ្សារក្នុងខេត្តមណ្ឌលគិរី និងរាជធានីភ្នំពេញ។ ការដាំដុះត្រូវបានធ្វើឡើងជាលក្ខណៈវិលជុំ ដើម្បីធានាឱ្យមានផលិតផលផ្គត់ផ្គង់ទីផ្សារជាប្រចាំថ្ងៃ។
អ្នកស្រីបន្តថា បច្ចុប្បន្ន ការដាំដុះស្ពៃបូកគោនេះមានលើផ្ទៃដីប្រមាណ ៥០ អា និងអាចប្រមូលផលបានប្រមាណ ៥០០ គីឡូក្រាមក្នុងមួយថ្ងៃ សម្រាប់ចែកចាយទៅកាន់ទីផ្សារខេត្តមណ្ឌលគិរី និងរាជធានីភ្នំពេញ តាមរយៈសាខាចំនួន ៥ នៅក្បែរផ្សារអូឡាំពិក ដែលអាចបង្កើតចំណូលបានខ្ទង់ពាន់ដុល្លារ។
អ្នកស្រីបញ្ជាក់ថា ក្នុងរដូវបុណ្យទានដែលមានតម្រូវការកើនឡើង ការដាំដុះត្រូវបង្កើនផ្ទៃដីពី ៧០ អា រហូតដល់ ១ ហិកតា ដោយអាចទទួលបានទិន្នផលរហូតដល់ ២ តោន។ ចំពោះតម្លៃវិញ ស្ពៃបូកគោសុវត្ថិភាពពូជជប៉ុននេះ លក់រាយក្នុងតម្លៃ ១២,០០០ រៀលក្នុងមួយគីឡូក្រាម ខណៈតម្លៃលក់ដុំមានកម្រិតទាបជាងនេះ អាស្រ័យតាមរដូវកាល។
បើតាមអ្នកស្រី គ្រាប់ពូជស្ពៃបូកគោនេះត្រូវបាននាំចូលពីក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនជប៉ុននៅក្រៅប្រទេស។ ការដាំដុះធ្វើឡើងលើដីវាលធម្មជាតិ ដោយមិនប្រើប្រាស់ផ្ទះសំណាញ់។ ទោះជាយ៉ាងណា ការប្រែប្រួលអាកាសធាតុ និងជំនន់ទឹកភ្លៀងក្នុងរដូវវស្សា អាចបង្កការខូចខាតដល់ទិន្នផលប្រមាណ ៦០ ភាគរយ ក្នុងអំឡុងពេលអាកាសធាតុមិនអំណោយផល។
អ្នកស្រីបានលើកឡើងថា មូលហេតុដែលធ្វើឱ្យស្ពៃបូកគោមណ្ឌលគិរីទទួលបានការពេញនិយម គឺដោយសារមានរសជាតិស្រួយឆ្ងាញ់ប្លែក និងការដាំដុះដោយមិនប្រើប្រាស់សារធាតុគីមី។ អ្នកស្រីបញ្ជាក់ថា ផលិតផលនេះមានសុវត្ថិភាព ១០០ ភាគរយ ក្រោមការត្រួតពិនិត្យបច្ចេកទេសយ៉ាងម៉ត់ចត់ពីមន្ត្រីជំនាញនៃមន្ទីរកសិកម្ម។
ក្រៅពីប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារប្រចាំថ្ងៃ ស្ពៃបូកគោពូជជប៉ុននេះក៏មានអតិថិជនបញ្ជាទិញយកទៅធ្វើជា «គីមឈី» ក្នុងបរិមាណច្រើនផងដែរ ដោយសារតែគុណប្រយោជន៍របស់វាចំពោះសុខភាព ដូចជា ជួយដល់ប្រព័ន្ធរំលាយអាហារ បេះដូង ប្រព័ន្ធភាពស៊ាំ និងការបន្សាបជាតិពុល។
អ្នកស្រីបន្ថែមថា ក្រៅពីស្ពៃបូកគោ ខេត្តមណ្ឌលគិរីក៏មានការដាំដុះបន្លែជាច្រើនប្រភេទទៀត ដូចជា ស្ពៃក្តោប ការ៉ុត មើមយេន និងល្ហុង ដើម្បីផ្គត់ផ្គង់ទីផ្សារ។ ទោះបីជាមានការផ្គត់ផ្គង់តាមការបញ្ជាទិញរបស់អតិថិជនក៏ដោយ ក៏បន្លែប្រភេទខ្លះនៅតែមានការខ្វះខាតម្ដងម្កាលក្នុងរដូវវស្សា ដែលតម្រូវឱ្យទទួលទិញបន្លែ និងផ្លែឈើពីកសិករដទៃបន្ថែម ដើម្បីរក្សាលំនឹងការផ្គត់ផ្គង់។
អ្នកស្រីបានបញ្ជាក់ថា កត្តាធម្មជាតិដែលអំណោយផល រួមមាន ដីមានជីជាតិ អាកាសធាតុត្រជាក់ និងប្រភពទឹកគ្រប់គ្រាន់ បានជួយឱ្យកសិផលមណ្ឌលគិរីមានភាពទាក់ទាញ និងក្លាយជាផលិតផលសម្គាល់តំបន់ សម្រាប់អ្នកបរិភោគទូទៅ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅកម្សាន្តនៅខេត្តនេះ។
ជាចុងក្រោយ អ្នកស្រី មុយ វលក្ខ៍ បានផ្តាំផ្ញើដល់កសិករឱ្យយកចិត្តទុកដាក់សិក្សា និងអនុវត្តបច្ចេកទេសដាំដុះឱ្យបានត្រឹមត្រូវ ដោយសារបន្លែដែលមានគុណភាព និងសុវត្ថិភាពខ្ពស់ អាចទទួលបានតម្លៃល្អនៅលើទីផ្សារ និងជួយធានានិរន្តរភាពសេដ្ឋកិច្ច ព្រមទាំងប្រាក់ចំណូលប្រចាំគ្រួសារកសិករផងដែរ៕