ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ឆ្នាំ២០២៣ កម្ពុជា ផលិតដំណាំកសិកម្មសម្រេចបានចំនួន ៣៦,៨១លានតោន កើនឡើងប្រមាណ ៦% ធៀបឆ្នាំ២០២២ ក្នុងនោះផលិតកម្មដំណាំស្រូវបានចំនួន ១២,៤៩លានតោន ផលិតកម្មដំណាំសាកវប្បកម្ម ចំនួន ៤,៩៦លានតោ
ឯកឧត្តម ឌិត ទីណា នៅក្នុងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា កម្ពុជាបាននាំចេញជាផ្លូវការនូវផលិតផលកសិកម្មសរុបប្រមាណ ៨,៨២លានតោន ដែលមានទំហំជាទឹកប្រាក់ប្រមាណ ៤៧៩៨លានដុល្លារអាមេរិក។ កម្ពុជាមានអតិរេកបរិមាណផលស្រូវនៅសល់ក្រោយពីតម្រូវការស្បៀងប្រើប្រាស់ក្នុងស្រុកចំនួនជិត ៧ លានតោន គិតជាងអង្ករមានចំនួន ៤,៥លានតោន កើន ១១,២% ធៀបឆ្នាំ២០២២។
របាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងទៀតថា រយៈពេល១២ ខែឆ្នាំ២០២៣ កម្ពុជាបាននាំចេញកសិផលចំនួន ៨ ៤៤៩ ៤១៤,៣៦តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះការនាំចេញអង្ករមានចំនួន ៦៥៦ ៣២៣,០០តោន កើនឡើង៣ភាគរយ និងស្រូវ ២ ៧៣០ ៨២៥,០០តោន កើនឡើង ២៤ភាគរយ។ ដ្បិតការនាំចេញស្រូវអង្ករមានការកើនឡើង ប៉ុន្តែការនាំចេញកសិផលជារួម ថយចុះជិត២ភាគរយ។
យោងតាមរបាយការណ៍ដដែលបានបញ្ជាក់ថា វិស័យកសិកម្ម បានចូលរួមចំណែកប្រមាណ ២២,១%(គិតជាតម្លៃបច្ចុប្បន្ន) នៃផលិតផលសរុបក្នុងស្រុក ក្នុងឆ្នាំ២០២៣។ គិតជាតម្លៃថេរ វិស័យនេះបានចូលរួមចំណែកប្រមាណ ១៥,៥% នៃផលិតផលសរុបក្នុងស្រុក។ យ៉ាងណាក៏ដោយ បើទោះជាការចូលរួមចំណែករបស់វិស័យកសិកម្មមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំយ៉ាងណាក្តី តែតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម មានការកើនឡើងជារៀងរាល់ឆ្នាំពី ១៩ ៤៧០ពាន់លានរៀល នៅឆ្នាំ ២០១៤ ដល់ ២២ ៧៨៦ ពាន់លានរៀល នៅឆ្នាំ ២០១៩ និងដល់ ២៨ ២០៧ ពាន់លានរៀល នៅឆ្នាំ ២០២៣។
ជាមួយគ្នានេះ ការចូលរួមចំណែករបស់អនុវិស័យនានា ក្នុងវិស័យកសិកម្ម រួមមាន ផ្នែកដំណាំបានចូលរួមចំណែកប្រមាណ ៥៧,១% ផ្នែកផលិតកម្មសត្វ ១១,២% ផ្នែកជលផល ២៤,៨% និងផ្នែកព្រៃឈើ ចំនួន ៧%។ ជាការកត់សម្គាល់ផ្នែកដំណាំ និងជលផល គឺជាកម្លាំងចលករនាំមុខ និងចូលរួមចំណែកច្រើនជាងផ្នែកផ្សេងៗ ក្នុងវិស័យកសិកម្ម ខណៈដែលផលិតកម្មសត្វ ដើរតួនាទីផ្គត់ផ្គង់តម្រូវការសាច់ក្នុងស្រុក និងបម្រើឱ្យការនាំចេញ ដែលត្រូវបន្តជំរុញអភិវឌ្ឍឱ្យបានខ្លាំងក្លាបន្ថែមទៀត។
សូមជំរាបថា ការងារបង្កបង្កើនផលក្នុងឆ្នាំ២០២៣ បានជួបនូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ពិសេស ទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលបានធ្វើឱ្យខូចខាតផលដំណាំរបស់ប្រជាកសិករ តាមបណ្តារាជធានី ខេត្ត ចំនួន១៦។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានបញ្ចេញគ្រាប់ពូជស្រូវចំនួនជាង ២ ២៥៥តោន តាមរយៈ ប្រព័ន្ធស្បៀងបម្រុងកម្ពុជាចែកជូនប្រជាជនរងគ្រោះចំនួន ២ម៉ឺន ៣ពាន់ ១៩គ្រួសារ ពូជបន្លែ និងដំណាំរួមផ្សំចំនួន ៣០,៥ តោន ចែកជូនប្រជាជនចំនួន ៩ម៉ឺន ៨ពាន់ ៤៥២គ្រួសារ ដើម្បីអន្តរាគមន៍ស្តារឡើងវិញ។
សូមបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ មានគោលដៅយុទ្ធសាស្រ្ត ប្រមូលផ្តុំ និងអភិវឌ្ឍន៍បណ្តាញផលិតកម្មឱ្យដើរតួនាទីសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជា សំដៅបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក លើកកម្ពស់ផលិតកម្ម និងការកែច្នៃសម្រាប់នាំចេញ ជាពិសេស គាំទ្រដល់ការបង្កើតការងារ និងការលើកស្ទួយជីវភាពប្រជាជននៅទីជនបទ។
សម្រាប់ឆ្នាំ២០២៤ កញ្ចប់ថវិកាដែលរដ្ឋាភិបាលត្រៀមចំណាយលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួន ៣១៦ ៣៥៣លានរៀល(ប្រមាណ៧៧លានដុល្លារអាមេរិក)។ នេះជាចំណាយចរន្ត ដោយក្នុងនោះ មាន៥៥,៥លានដុល្លារ ជាចំណាយផ្តោតលើការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។ នេះបើតាមរបាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៤៕