ភ្នំពេញ៖ «សមាគមសម្ព័ន្ធដំឡូងមី កម្ពុជា-ចិន» បានបង្កើតជាផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ដើម្បីលើកកម្ពស់ការដាំដុះ ការកែច្នៃ និងការនាំចេញផលិតផលដំឡូងមីប្រកបដោយគុណភាពខ្ពស់ ដោយជួយជំរុញយុទ្ធសាស្រ្ដ ដែលអាចផលិតឱ្យបានច្រើន ការផ្តល់បច្ចេកទេស ដើម្បីឱ្យទទួលបានទិន្នផលកើនឡើង ធ្វើឱ្យប្រជាកសិករចំណេញ ហើយអាចទាក់ទាញអ្នកវិនិយោគមក ដើម្បីកែច្នៃដំឡូងមីនៅកម្ពុជា ។
លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា សមាគមសម្ព័ន្ធដំឡូងមី កម្ពុជា-ចិន នឹងជួយការងារបច្ចេកទេស ដើម្បីជួយជំរុញយុទ្ធសាស្រ្ដទីមួយដែលអាចផលិតឱ្យបានច្រើន ព្រោះភាគីចិនអាចនឹងមានរោងចក្រ មានវត្ថុធាតុដើម ឬមានបច្ចេកទេស ដើម្បីជំរុញធ្វើយ៉ាងណាឱ្យទិន្នផលកើនឡើង ធ្វើឱ្យប្រជាកសិករចំណេញ ហើយអាចទាក់ទាញអ្នកវិនិយោគមក ដើម្បីកែច្នៃដំឡូវមីនៅកម្ពុជា បង្កើនតម្លៃបន្ថែម ក៏ដូចជាធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមានកិច្ចការធ្វើបន្ថែមទៀត។
លោក វុង ជាវ ប្រធានសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានឱ្យដឹងថា សមាគមប្រៀបដូចជាស្ពានមួយដែលតភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិនចិន និងកម្ពុជា ក្នុងវិស័យដំឡូងមី។ លោកបានបញ្ជាក់ថា ភាគីចិនក៏នឹងជួយកសិករកម្ពុជាអំពីបច្ចេកទេសផលិត និងដាំដុះ រួមទាំងសម្ភារៈផ្សេងៗ ដើម្បីជួយប្រទេសកម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ។
សូមជម្រាបថា សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន គឺជាអង្គការមិនរកប្រាក់ចំណេញ ហើយត្រូវបានចុះបញ្ជីស្របច្បាប់ជាមួយក្រសួងមហាផ្ទៃ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃខ្សែសង្វាក់ឧស្សាហកម្មដំឡូងមីកម្ពុជាទាំងមូល និងការភ្ជាប់សហគ្រាសចិន និងស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រ ទៅនឹងការអភិវឌ្ឍរួមបញ្ចូលគ្នាឱ្យបានស៊ីជម្រៅ ។
ប្រទេសចិន គឺជាអ្នកប្រើប្រាស់ដំឡូងមីកែច្នៃច្រើនជាងគេលើពិភពលោក ជាមួយនឹងការនាំចូលប្រចាំឆ្នាំលើសពី ១០លានតោន (ស្ងួត) និងកើនឡើងឥតឈប់ឈរ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់២០លានតោន (ស្ងួត) ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ឈរលើមូលដ្ឋាននេះ វាពិតជាមានភាពសារៈសំខាន់ និងចាំបាច់ណាស់ដែលត្រូវកែលម្អ កម្រិតនៃការដាំដុះ ដំឡូងមីរបស់កសិករខ្មែរ អភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកែច្នៃដំឡូងមី និងបើកទូលាយនូវបណ្តាញច្រកពាណិជ្ជកម្មដោយផ្ទាល់រវាងកម្ពុជា-ចិន។
គួរបញ្ជាក់ដែរថា ដំឡូងមី គឺជាដំណាំដែលដើរតួដ៏សំខាន់ក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា ហើយក៏ជាដំណាំដែលមានសក្តានុពលសំខាន់ទី២ បន្ទាប់ពីស្រូវ ដែលមានផ្ទៃដីដាំដុះជាង១លានហិកតា និងបានផ្តល់ទិន្នផលប្រចាំឆ្នាំលើសពី២០លានតោន។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
កសិផលដំឡូងមីជាង ៩៥ភាគរយ ត្រូវបាននាំចេញទៅប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម ដែលត្រូវបានលក់បន្តទៅទីផ្សារប្រទេសចិន ខណៈដែលសកម្មភាពពាណិជ្ជកម្ម និងឧស្សាហកម្មកែច្នៃដំឡូងមីក្នុងស្រុកនៅមានកម្រិត។
សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ស្វាគមន៍ក្រុមហ៊ុនដែលពាក់ព័ន្ធមកបណ្តាក់ទុននៅកម្ពុជា នាំមកនូវបច្ចេកវិទ្យាដាំដុះថ្មីៗ និងឧបករណ៍សម្ភារៈបម្រើដល់ការផលិតរួមគ្នាលើកកម្ពស់គុណភាព ទិន្នផល និងតម្លៃទីផ្សារដំឡូងមី ព្រមទាំងកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងដោយផ្អែកលើការជឿទុកចិត្តគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ សមាគម ក៏នឹងផ្តល់វេទិកាសហប្រតិបត្តិការអាជីវកម្មរវាងប្រទេសចិន និងកម្ពុជា ជំរុញការផ្លាស់ប្តូរព័ត៌មាននៅក្នុងខ្សែសង្វាក់ឧស្សាហកម្មដំឡូងមី និងលើកកម្ពស់ការចែករំលែកបច្ចេកវិទ្យា និងធនធានផងដែរ ៕