ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា កម្ពុជានឹងមិនចាំបាច់នាំជ័រកៅស៊ូទៅក្រៅស្រុកទៀតទេ ខណៈមានក្រុមហ៊ុនធំ១ក្នុងចំណោម៣ បានសម្រេចចិត្តដាក់ទុនបន្ថែមនៅក្នុងសង្វាក់ផលិតកម្មផលិតសម្បកកង់រថយន្តនៅកម្ពុជា។ នេះបើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងនៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ កន្លងទៅថ្មីៗនេះ។
នៅក្នុងវិស័យកៅស៊ូនេះ សម្ដេចធិបតី បានលើកឡើងថា កម្ពុជានឹងមិនចាំបាច់នាំជ័រកៅស៊ូទៅក្រៅស្រុកទៀតទេ ព្រោះបច្ចុប្បន្ននៅកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៣ ខណៈក្រុមហ៊ុនចិនធំ១ទៀត គ្រោងវិនិយោគលើការផលិតសំបកកង់រថយន្តនេះទៀត ជាមួយការដាក់ទុនបន្ថែមប្រមាណ ៥០០លានដុល្លារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖
« រាជរដ្ឋាភិបាលចង់ជំរុញកសិកម្មកៅស៊ូ សម្រាប់ថ្ងៃក្រោយមិនមែននាំចេញវត្ថុធាតុដើមទៀតទេ យើងចង់ធ្វើផលិតផលសម្រេចនៅក្នុងស្រុកដើម្បីវិវត្តន៍ដំណាំកៅស៊ូ ឈានទៅដល់កម្រិតកសិឧស្សាហកម្ម។ ដូច្នេះតម្រូវការជ័រកៅស៊ូសម្រាប់កែច្នៃផលិតផលសម្រេចមានកម្រិតខ្ពស់នៅក្នុងប្រទេសកម្ពុជា»។
សម្ដេចធិបតី បានថ្លែងថា ៖
« អ្វីដែលជាចំណុចវិជ្ជមាននោះ យើងក៏នៅមានកម្រិតមួយ គឺថាវត្ថុធាតុដើមក្នុងស្រុកវាតិចពេកប្រើប្រាស់បានត្រឹម២០ទៅ៣០ភាគរយ ដោយសារបញ្ហាបច្ចេកទេស អ៊ីចឹងនៅមានសក្ដានុពលធំណាស់ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់យើង មិនចាំបាច់នាំកៅស៊ូចេញទៅក្រៅប្រទេស គឺយើងយកមកចូលរោងចក្រផលិតកង់ឡាន និងផលិតវត្ថុ សម្ភារនៅក្នុងស្រុកយើងតែម្ដង»។
ក្នុងន័យនេះសម្ដេចធិបតី ស្នើឱ្យស្ថាប័នពាក់ព័ន្ធក៏ដូចជា វិស័យឯកជន និងសមាគមកៅស៊ូកម្ពុជា បង្កើតយន្តការមួយដើម្បីធ្វើយ៉ាងណាជំរុញការសម្របសម្រួលដោះស្រាយបញ្ហាបច្ចេកទេស បញ្ហាដាំដុះ ដើម្បីធានាខ្សែច្រវាក់ផលិតកម្មតាំងពីអ្នកដាំរហូតដល់អ្នកផលិត ដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូក្នុងស្រុកឱ្យបានគ្រប់គ្រាន់។
សូមជម្រាបថា កាលពីដើមឆ្នាំនេះ គណៈប្រតិភូក្រុមហ៊ុន Wanli Tire Corporation Limited. ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ដែលបង្ហាញចំណាប់អារម្មណ៍ខ្ពស់ និងមានគោលបំណងស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យផលិតសំបកកង់យានយន្តនៅកម្ពុជា ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនផលិតសំបកកង់រថយន្តរបស់ចិនចំនួន ៣កំពុងវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ដោយក្រុមហ៊ុនចំនួនពីរកំពុងធ្វើប្រតិបត្តិការអាជីវកម្ម មានទីតាំងនៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ខណៈក្រុមហ៊ុនមួយទៀតកំពុងសាងសង់រោចក្រនៅខេត្តក្រចេះ ។
ដោយឡែកតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ចាប់ពីខែមករា-តុលា ឆ្នាំ២០២៣(ក្នុងអំឡុង ១០ ខែឆ្នាំ២០២៣) ការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូមានតម្លៃសរុបជាទឹកប្រាក់ជាង ៦៧៥ លានដុល្លារកើនឡើង ៧០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ មានចំនួនជាង ៣៩៦ លានដុល្លារ ដោយផលិតផលកៅស៊ូកម្ពុជា នាំចេញ ទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។
យោងតាមអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ ២០២៣នេះ នៅកម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំកៅស៊ូសរុបប្រមាណ ៤០៤ ៥៧៨ ហិកតា ដែលក្នុងនោះចំនួនដើមកៅស៊ូកំពុងចៀរជ័រ មានលើផ្ទៃដី ៣១៥ ៣៣២ ហិកតា ឬស្មើ ៧៨ ភាគរយអាចប្រមូលផលបាន និងផ្ទៃដីថែទាំមានចំនួនជាង ៩ម៉ឺនហិកតា៕