ភ្នំពេញ៖ រដ្ឋាភិបាលបានបញ្ឈប់ការផ្តល់រង្វាន់លើផលិតផលគ្រឿងស្រវឹងចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ខណៈអ្នកជំនាញសុខភាព និងអប់រំជំរុញឱ្យក្រុមហ៊ុនផលិតផលងាកមកផ្តោតលើគុណភាព ស្តង់ដារ និងអាហារូបត្ថម្ភត្រឹមត្រូវ ជាជាងប្រើការផ្តល់រង្វាន់ដើម្បីទាក់ទាញអតិថិជន។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី៧ ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃការគិតគូរអំពីអាហារូបត្ថម្ភ និងការអប់រំកុមារអំពីផលប៉ះពាល់នៃការប្រើប្រាស់ភេសជ្ជៈកំប៉ុង។
សម្តេចធិបតីបានឱ្យដឹងថា រដ្ឋាភិបាលបានធ្វើការជាមួយក្រុមហ៊ុនផលិតគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង ដើម្បីកាត់បន្ថយការផ្សព្វផ្សាយហួសហេតុ។ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ការដកចេញ និងកាត់បន្ថយប៉ាណូផ្សព្វផ្សាយធំៗនៅតាមផ្លូវជាតិ និងផ្លូវធំៗបានចាប់ផ្តើមអនុវត្ត។
យោងតាមប្រសាសន៍សម្តេចធិបតី ក្នុងចំណោមប៉ាណូផ្សព្វផ្សាយធំៗជាង ៦ពាន់កាលពីមុន បច្ចុប្បន្ននៅសល់ប្រមាណ ១៧% ប៉ុណ្ណោះនៅតាមដងផ្លូវ ខណៈប៉ាណូផ្សព្វផ្សាយទឹកសុទ្ធមានការកើនឡើងជំនួសវិញ។
សម្តេចធិបតីក៏បានបញ្ជាក់ថា ចាប់ពីខែតុលា ឆ្នាំ២០២៦ ការធ្វើទីផ្សារដោយដាក់រង្វាន់ក្នុងក្រវិលកំប៉ុងត្រូវបានផ្អាកទាំងស្រុង ហើយការដាក់រង្វាន់នាពេលខាងមុខគួរពិចារណាទៅលើផលិតផលផ្សេងទៀត ដូចជាទឹកសុទ្ធជាដើម។
សម្តេចធិបតីបានបញ្ជាក់ថា វិធានការនេះមិនមែនជាការហាមឃាត់មិនឱ្យប្រជាពលរដ្ឋទទួលទានគ្រឿងស្រវឹងនោះទេ ប៉ុន្តែការទទួលទានគួរធ្វើឡើងក្នុងកម្រិតមិនហួសហេតុ និងមានទំនួលខុសត្រូវ។ ចំណុចសំខាន់ គឺរដ្ឋាភិបាលចង់កាត់បន្ថយការផ្សព្វផ្សាយហួសហេតុពេក។
បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ គ្រប់សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និងមិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬផលិតក្របផលិតផលគ្រឿងស្រវឹងដែលមានការផ្តល់រង្វាន់ទៀតឡើយ។
ជុំវិញការដាក់រង្វាន់លើផលិតផលផ្សេងទៀត លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា ប្រសិនបើមានការដាក់រង្វាន់ គួរធ្វើក្នុងរូបភាពជាការលើកទឹកចិត្ត ប៉ុន្តែមិនគួរផ្តល់ជាសាច់ប្រាក់ទេ។ លោកបានលើកជាឧទាហរណ៍ថា អាចប្រើជាគូប៉ុងសម្រាប់ទិញរបស់របរមួយចំនួនជំនួស។
លោកវេជ្ជបណ្ឌិតបានបន្តថា នៅកម្ពុជា ទំនោរភាគច្រើនគឺការដាក់រង្វាន់ដើម្បីទទួលបានប្រាក់ ដូចជាករណីផលិតផលស្រាបៀរ ដែលអាចធ្វើឱ្យប្រជាពលរដ្ឋព្យាយាមផឹក ដើម្បីស្វែងរករង្វាន់ធំៗ។
ដោយផ្អែកលើបទពិសោធន៍ក្នុងវិស័យអប់រំ និងសុខភាព លោកវេជ្ជបណ្ឌិត គួច ម៉េងលី មិនសូវលើកទឹកចិត្តឱ្យមានការដាក់រង្វាន់បែបនេះទេ។ លោកជំរុញឱ្យក្រុមហ៊ុនផ្តោតលើការលក់ផលិតផលដែលត្រឹមត្រូវតាមទីផ្សារ មានគុណភាព និងស្របតាមស្ដង់ដារ ដើម្បីទទួលបានការទទួលស្គាល់ពីអ្នកប្រើប្រាស់៕