ភ្នំពេញ៖ ទីផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ និងបានប្រមូលទុនតាមរយៈយន្តការទីផ្សារជិតឈានដល់ ១ ពាន់លានដុល្លារ ស្របពេលសកម្មភាពជួញដូរប្រចាំថ្ងៃអាចឡើងដល់ ៤ លានដុល្លារ។
ក៏ប៉ុន្តែ ក្នុងចំណោមក្រុមហ៊ុនចុះបញ្ជីទាំង ២៨ មានតែក្រុមហ៊ុនចំនួន ១២ ប៉ុណ្ណោះ ដែលមានសកម្មភាពជួញដូរ និងវិនិយោគ ខណៈក្រុមហ៊ុនចំនួន ១៦ ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម ឬអាចហៅថាប័ណ្ណបំណុល។
លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានឱ្យដឹងថា ក្រុមហ៊ុនចំនួន ១២ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ខណៈក្រុមហ៊ុនចំនួន ១៦ បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម ឬប័ណ្ណបំណុល។
លោកបន្តថា មូលបត្រដែលសាធារណជននិយមជួញដូរ និងទិញលក់ គឺភាគហ៊ុន ដែលក្នុងភាសាអង់គ្លេសហៅថា Stock និង Share។
ទោះបីក្រុមហ៊ុនចុះបញ្ជីប័ណ្ណបំណុលមានចំនួនច្រើនជាងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិក៏ដោយ ក៏សកម្មភាពជួញដូរប័ណ្ណបំណុលមិនសូវសកម្មដូចភាគហ៊ុននោះទេ។
លោក ហុង សុហួរ ពន្យល់ថា ប័ណ្ណបំណុលមិនមានការជួញដូររាល់ថ្ងៃនោះទេ ប៉ុន្តែការជួញដូរនៅតែមានជាទៀងទាត់ ដោយរាល់ខែយ៉ាងហោចណាស់មាន ២ ទៅ ៣ លើក។ ការវិនិយោគលើប័ណ្ណបំណុលភាគច្រើនធ្វើឡើងដោយវិនិយោគិនជាស្ថាប័ន ដូចជា ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង ដែលត្រូវការលក់បន្ត ឬទិញទុក ដើម្បីទទួលបានការប្រាក់ថេរមួយ។
លោក ហុង សុហួរ បានបញ្ជាក់ថា៖ «មូលបត្របំណុល មិនសូវមានការប្រែប្រួលដូចភាគហ៊ុនទេ។ ភាគហ៊ុនតែងតែមានការប្រែប្រួលរាល់នាទី រាល់ថ្ងៃ។ សម្រាប់ប័ណ្ណបំណុល បើវិនិយោគិនណាចង់លក់ គាត់ប្រាប់ទៅ Broker របស់គាត់។ បន្ទាប់មក Broker នោះនឹងចាត់ចែងទាក់ទងរកអ្នកទិញតាមយន្តការទីផ្សារបាន»។
លោកបានពន្យល់ថា ដោយសារប័ណ្ណបំណុលមិនសូវមានសកម្មភាព និងមិនមានតម្រូវការពីសាធារណវិនិយោគិន ទើប CSX មិនបានដាក់សកម្មភាពជួញដូរប័ណ្ណបំណុលចូលក្នុង App ដែលសាធារណជនទូទៅអាចជួញដូរបាន។ ទោះជាយ៉ាងណា ប្រសិនបើនៅថ្ងៃក្រោយមានតម្រូវការ CSX អាចពិចារណាបន្ថែមមុខងារនេះ។
Broker មានន័យថា ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណផ្លូវការ ដើម្បីធ្វើជាគ្រឹះស្ថានកណ្ដាល ឬជាស្ពានចងភ្ជាប់រវាងវិនិយោគិន និងផ្សារមូលបត្រ។
លោក ហុង សុហួរ បានបញ្ជាក់ថា ប័ណ្ណបំណុលពុំមានការបង្ហាញដេញថ្លៃរាល់នាទីនៅលើទីផ្សារ ដូចភាគហ៊ុនទេ។ នៅពេលចង់លក់ វិនិយោគិនត្រូវទាក់ទងទៅ Broker ឱ្យស្វែងរកអ្នកទិញដោយផ្ទាល់។
លោកបានបន្ថែមថា កន្លងមក ក្រុមហ៊ុនអ្នកលក់មូលបត្របំណុលបានដាក់លក្ខខណ្ឌចាប់ពី ១,០០០ ដុល្លារ ឡើងទៅ ហើយពេលខ្លះចាប់ពី ២០,០០០ ដុល្លារ ឡើងទៅ ដោយអាស្រ័យលើក្រុមហ៊ុនដែលបោះផ្សាយលក់។ បន្ទាប់ពីក្រុមហ៊ុនលក់រួច ពួកគេយកមូលបត្រទាំងនោះមកចុះបញ្ជីក្នុងផ្សារហ៊ុន។
លោកបានសង្កត់ថា សញ្ញាបណ្ណ គឺជាប្រភេទនៃមូលបត្របំណុល ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងវិនិយោគិន និងក្រុមហ៊ុនបោះផ្សាយ ដែលអាចជាក្រុមហ៊ុនសាជីវកម្ម សហគ្រាសសាធារណៈ ឬរាជរដ្ឋាភិបាល។ ជាថ្នូរនៃកម្ចីនេះ ក្រុមហ៊ុនបោះផ្សាយនឹងសងត្រឡប់ទៅវិនិយោគិនវិញនូវការប្រាក់មួយក្នុងអត្រាថេរជាប្រចាំ ព្រមទាំងប្រាក់ដើមត្រឡប់មកវិញនៅចុងគ្រា។
ជាមួយនឹងផែនការយុទ្ធសាស្ត្របន្ទាប់ លោក ហុង សុហួរ បានបន្តថា ទោះបីការជួញដូរប័ណ្ណបំណុលមានចំនួនតិចក៏ដោយ ប៉ុន្តែរាល់ការទិញ ឬលក់ គិតជាទឹកប្រាក់ដែលប្រមូលបាន គឺច្រើនជាងការវិនិយោគមូលបត្រកម្មសិទ្ធិ។
លោកបញ្ជាក់ថា ប្រសិនបើការជួញដូរនៅទីផ្សារប័ណ្ណបំណុលកើនឡើង និងមានភាពសកម្មនៅពេលខាងមុខ ផ្សារមូលបត្រកម្ពុជានឹងគិតគូររៀបចំ និងកែប្រែ App នៃការជួញដូរ។
តាមការសិក្សាក្នុងវគ្គចែករំលែកដោយផ្ទាល់រវាង AMS និងអ្នកជំនាញនៅផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ផ្សារហ៊ុនត្រូវបានដាក់ឈ្មោះថា «ផ្សារមូលបត្រ» ដោយសារវាជាកន្លែងជួញដូរទាំងភាគហ៊ុន និងប័ណ្ណបំណុល។
ភាគហ៊ុនជាទម្រង់នៃការវិនិយោគ ដែលកើតឡើងនៅពេលក្រុមហ៊ុនមួយកំណត់ភាគហ៊ុនថ្មីមួយក្នុងក្រុមហ៊ុនរបស់ខ្លួន ហើយបោះលក់នៅក្នុងទីផ្សារ។ សិទ្ធិក្នុងការទាមទារចំណែកនៃទ្រព្យសម្បត្តិ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន គឺផ្អែកទៅលើសមាមាត្រភាគហ៊ុនដែលវិនិយោគិនម្នាក់មាន។
ជាមួយគ្នានេះ ក្នុងប្រតិបត្តិការលក់ភាគហ៊ុន ក្រុមហ៊ុនចុះបញ្ជីទាំងអស់មិនអាចបោះហ៊ុនលក់លើសពី ២០ ភាគរយបានទេ ហើយត្រូវកំណត់កាលបរិច្ឆេទនៃពេលវេលាដែលត្រូវលក់ហ៊ុនទាំងនេះ ថាតើត្រូវប្រើរយៈពេលប៉ុន្មាន។ ប្រសិនបើលក់មិនគ្រប់ចំនួន ក្រុមហ៊ុនត្រូវស្នើសុំការលក់បន្ថែមថ្មីមួយទៀត។
ជាពិសេស ដើម្បីលើកកម្ពស់តម្លាភាពនៃការជួញដូរ និងការវិនិយោគ ក្រុមហ៊ុនទាំងអស់ត្រូវបង្ហាញព័ត៌មានអំពីសុខភាពអាជីវកម្មរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា៕