ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជិត ៥០០លានដុល្លារ ដើម្បីទប់ស្កាត់ការកើនឡើងនៃថ្លៃប្រេង និងអគ្គិសនី ក្នុងគោលបំណងសម្រួលជីវភាពប្រជាពលរដ្ឋ ចំពេលប្រទេសប្រឈមនឹងបញ្ហាដែលមិនបានព្យាករទុកជាច្រើនចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០២៦។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី៧ ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក រដ្ឋាភិបាលត្រូវទទួលបន្ទុកពីរទន្ទឹមគ្នា គឺការកាត់បន្ថយចំណូល ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ និងការបញ្ចេញថវិកាដើម្បីដោះស្រាយបញ្ហាបន្ទាន់ដែលមិនមានក្នុងផែនការដើម។
សម្តេចធិបតីបានបញ្ជាក់ថា រដ្ឋាភិបាលបានចំណាយជិត ៥០០លានដុល្លារ ដើម្បីទប់ថ្លៃប្រេង និងថ្លៃអគ្គិសនីរបស់ប្រជាពលរដ្ឋ។ ការចំណាយនេះមិនទាន់រាប់បញ្ចូលការដោះស្រាយបញ្ហាផ្សេងៗទៀត ដែលកើតឡើងដោយមិនបានព្យាករទុកជាមុននោះទេ។
សម្តេចធិបតីមានប្រសាសន៍ថា តម្លៃប្រេងបានកើនឡើង ប៉ុន្តែការកើនឡើងត្រូវបានសម្រួលតាមរយៈការឧបត្ថម្ភ និងការអនុគ្រោះលើពន្ធអាករ។ ថវិកាដែលបានប្រើសម្រាប់វិធានការទាំងនេះ គឺចេញពីចំណូលពន្ធគយដែលរដ្ឋាភិបាលទទួលបាន។
សម្តេចធិបតីបានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលមិនប្រញាប់បញ្ចេញថវិកាទប់ថ្លៃ ឬផ្តល់ការអនុគ្រោះលើពន្ធអាករបន្ថែមទេ តម្លៃប្រេងអាចកើនឡើងលើសកម្រិតដែលប្រជាពលរដ្ឋកំពុងប្រឈមនាពេលនេះ។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏ត្រូវប្រឈមនឹងការចំណាយដែលមិនបានរំពឹងទុក ដូចជា បញ្ហាសង្គ្រាម (ព្រំដែន) និងគ្រោះធម្មជាតិ រួមទាំងបញ្ហាទឹកជំនន់ ខណៈបញ្ហាទាំងនេះមិនត្រូវបានព្យាករទុកនៅពេលរៀបចំ និងពិភាក្សាថវិកាឆ្នាំ២០២៦។
សម្តេចធិបតីបានមានប្រសាសន៍ថា៖ «ដៃម្ខាងយើងកាត់បន្ថយចំណូលដើម្បីជួយជីវភាពរស់នៅរបស់ប្រជាជនទូទៅ ដៃម្ខាងទៀតយើងត្រូវដោះស្រាយបញ្ហាចំពោះមុខ ដែលមិនបានព្យាករទុក»។
សម្តេចធិបតីបានបន្តថា រដ្ឋាភិបាលសង្ឃឹមថា រឿងល្អៗនឹងកើតមានឡើង ប៉ុន្តែកម្ពុជាត្រូវត្រៀមលក្ខណៈសម្រាប់បញ្ហាដែលអាចកើតឡើង ដោយសារបញ្ហាប្រឈមអាចធ្វើឱ្យកម្ពុជាមិនទទួលបានកំណើនសេដ្ឋកិច្ចតាមការព្យាករ។
សម្រាប់ឆ្នាំនេះ សម្តេចធិបតីបានចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាជាបញ្ហាប្រឈមដ៏ធំមួយ ដោយកម្ពុជាមិនបានរំពឹងថា សង្គ្រាមនេះនឹងអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្នឡើយ។
ទន្ទឹមនឹងការទប់ថ្លៃប្រេង និងអគ្គិសនី រដ្ឋាភិបាលកន្លងមកក៏បានផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋ និងក្រុមគោលដៅមួយចំនួនតាមរយៈកម្មវិធីគាំពារផ្សេងៗ ដោយបានបញ្ចេញសាច់ប្រាក់សរុបជាង ១ពាន់លានដុល្លារ។
ក្នុងចំណោមវិធានការដែលរដ្ឋាភិបាលបានដាក់ចេញ គឺការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ដែលទទួលផលប៉ះពាល់ដោយផ្ទាល់ពីសម្ពាធកើនឡើងនៃថ្លៃប្រេង និងឧស្ម័ន។
សម្តេចធិបតីបានបញ្ជាក់ថា ទោះបីមានបញ្ហាប្រឈមអ្វីកើតឡើងក៏ដោយ រដ្ឋាភិបាលនឹងបន្តគាំទ្រ និងមិនបោះបង់ចោលប្រជាពលរដ្ឋឡើយ៕