បរទេស៖ មន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប លោក Maros Sefcovic នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍ខាងមុខ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីចិនរយៈពេល ២ ថ្ងៃ ក្នុងគោលបំណងទប់ស្កាត់សង្គ្រាមពាណិជ្ជកម្មដែលអាចកើតមាន។ នេះបើយោងតាមការរាយការណ៍របស់ CNA។
យ៉ាងណាក្តី អ្នកវិភាគមើលឃើញថា កិច្ចពិភាក្សានៅសប្តាហ៍នេះអាចសម្រេចបានត្រឹមការជជែកត្រូវគ្នាលើបញ្ហាតូចតាចមួយចំនួនប៉ុណ្ណោះ ខណៈការឈានទៅរកកិច្ចព្រមព្រៀងធំៗអាចមានការលំបាក។ ប្រទេសសមាជិកមួយចំនួន ដូចជា អាល្លឺម៉ង់ ក៏នៅតែមានភាពប្រុងប្រយ័ត្នខ្ពស់ ដោយសារចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន និងមានការព្រួយបារម្ភអំពីផលប៉ះពាល់កាន់តែខ្លាំងដល់សេដ្ឋកិច្ច។
បច្ចុប្បន្ន សហភាពអឺរ៉ុបកំពុងបង្កើនជំហរម៉ឺងម៉ាត់ប្រឆាំងនឹងទីក្រុងប៉េកាំង ដើម្បីការពារក្រុមហ៊ុនក្នុងស្រុកពីការប្រកួតប្រជែងមិនស្មើភាពនៅក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេសវិស័យផលិតរថយន្ត។ មេដឹកនាំ និងអ្នកវិភាគនៅអឺរ៉ុបជាច្រើនក៏កាន់តែព្រួយបារម្ភអំពីវិបត្តិ «China Shock 2.0» ដែលអាចកើតឡើងជាលើកទីពីរ ដោយសារទំនិញបច្ចេកវិទ្យាខ្ពស់របស់ចិនកំពុងគំរាមកំហែងដល់ឧស្សាហកម្មប្រពៃណីរបស់អឺរ៉ុប។
វិបត្តិនេះអាចធ្ងន់ធ្ងរជាងវិបត្តិលើកទីមួយនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ដែលពេលនោះចិនបាននាំចេញទំនិញថោកៗ និងមានបច្ចេកវិទ្យាទាបជាចម្បង។
ទន្ទឹមនឹងនេះ គោលដៅចម្បងរបស់សហភាពអឺរ៉ុប គឺចង់កាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយចិន ដែលបានកើនឡើងដល់ប្រមាណ ៣៦០ ពាន់លានអឺរ៉ូ ឬជិត ៤០៤ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ ដោយសារការនាំចូលទំនិញពីចិនច្រើនលើសលប់ ដូចជា គ្រឿងចក្រ ក្រណាត់ សម្លៀកបំពាក់ លោហធាតុ និងសារធាតុគីមី។
ក្នុងជំនួបនេះ លោក Maros Sefcovic នឹងបង្ហាញគោលដៅធំៗចំនួន ៣ របស់សហភាពអឺរ៉ុប រួមមាន ការទប់ស្កាត់ការកើនឡើងនៃទំនិញនាំចេញពីចិនចូលទីផ្សារអឺរ៉ុប ការបង្កើនការនាំចេញទំនិញពីអឺរ៉ុបទៅកាន់ចិន និងការបង្កើតប្រព័ន្ធអាជ្ញាប័ណ្ណនាំចេញសម្រាប់រ៉ែកម្រ បន្ទាប់ពីចិនបានរឹតបន្តឹងការនាំចេញរ៉ែទាំងនោះកាលពីឆ្នាំមុន។
សហភាពអឺរ៉ុបសង្ឃឹមថា ចិននឹងស្ម័គ្រចិត្តកាត់បន្ថយកូតានាំចេញ ដូចជា រថយន្តកូនកាត់ Hybrid ជាដើម។ ប៉ុន្តែ ភាគីចិនបានបដិសេធដាច់ខាតចំពោះការកំណត់កូតានាំចេញនេះ ដោយសារសេដ្ឋកិច្ចរបស់ខ្លួនកំពុងប្រឈមនឹងតម្រូវការក្នុងស្រុកខ្សោយ ដែលធ្វើឱ្យចិនចាំបាច់ត្រូវពឹងផ្អែកខ្លាំងលើការនាំចេញ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច។
ទោះជាយ៉ាងណា សហភាពអឺរ៉ុបក៏មិនរំពឹងថានឹងមានការផ្លាស់ប្តូរខ្លាំងក្លាពីភាគីចិនដែរ។ ដូច្នេះ សហភាពអឺរ៉ុបកំពុងរៀបចំយុទ្ធសាស្ត្រការពារពាណិជ្ជកម្មថ្មីៗ ដែលស្រដៀងនឹងច្បាប់ Section 301 របស់អាម៉េរិក ដែលអនុញ្ញាតឱ្យមានការស៊ើបអង្កេត និងដាក់ពន្ធសងសឹកលើសកម្មភាពពាណិជ្ជកម្មអយុត្តិធម៌ ព្រមទាំងផ្តល់ថវិកាជួយក្រុមហ៊ុនអឺរ៉ុបឱ្យស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងក្រៅពីចិន។
ទីក្រុងប៉េកាំងបានព្រមានថា ខ្លួននឹងឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ ដោយកន្លងមកចិនក៏ធ្លាប់ដាក់ពន្ធសងសឹកលើស្រាកូញ៉ាក់របស់អឺរ៉ុប និងស៊ើបអង្កេតលើការនាំចូលសាច់ជ្រូក និងផលិតផលទឹកដោះគោពីអឺរ៉ុបរួចមកហើយ៕