Haiphong ទីក្រុងសមុទ្រភាគខាងជើងនៃប្រទេសវៀតណាមធ្លាប់តែជាទីក្រុងសម្រាប់ទេសចរណ៍ និងការនេសាទត្រី ព្រមទាំងអាជីវកម្មធម្មតាអស់រយៈពេលជាយូរមកហើយ ប៉ុន្តែទីក្រុងនេះបានប្រែផ្លាស់ប្តូររូបរាងយ៉ាងខ្លាំងនៅក្រោយជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនកាលពីអាណត្តទី១របស់លោកប្រធានាធិបតីអាមេរិក Donald Trump។
រោងចក្រជាច្រើនរបស់អាមេរិកត្រូវបានផ្លាស់ប្តូរទីតាំងចេញពីប្រទេសចិនតាមការអំពាវនាវដោយលោក Trump ដោយផ្ទាល់ ដោយក្នុងនោះមានទាំងក្រុមហ៊ុនអ្នកផ្គត់ផ្គង់គ្រឿងបង្គុំរបស់ Apple ព្រមទាំងក្រុមហ៊ុន Deep C ដែលបានវិនិយោគលុយរាប់ពាន់លានដុល្លាររៀបចំទីតាំងសួនឧស្សាហកម្មទ្រង់ទ្រាយធំនៅទីក្រុងនេះ ។
Deep C បាននាំយកអតិថិជនរបស់ខ្លួនដែលជាក្រុមហ៊ុនអ្នកផលិតជាង១៧០ បូករួមទាំង Pegatron និង Foxconnផងដែរ ។ ជាលទ្ធផល មិនដល់ប៉ុន្មានឆ្នាំផង ទីក្រុង Haiphong ទទួលបានកញ្ចប់វិនិយោគជាបន្តបន្ទាប់ទៅលើវិស័យធំជាច្រើន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏ទំនើបបំផុតមួយក្នុងតំបន់។