ទោះបីជាយ៉ាងណាក្តី អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនាពេលចុងក្រោយនេះចំពោះផលអាក្រក់នៃបច្ចេកវិទ្យានោះគឺថាអ៊ីស្រាអ៊ែលទើបតែបានអនុវត្តកម្មវិធីយោធាថ្មីមួយដែលអាចប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងប្រតិបត្តិការវាយប្រហារតាមអាកាសរបស់ខ្លួន។ វាត្រូវបានអនុវត្តក្នុងបេសកកម្មជាច្រើនរួចមកហើយដោយលើកឡើងថា វាសុទ្ធតែជាបេសកកម្មប្រឆាំងទៅនឹងក្រុមភេវរកម្មទាំងដែលជាក់ស្តែងមានពលរដ្ឋស៊ីវិលជាច្រើនដែលបានបាត់បង់ជីវិត។
ថ្មីៗនេះកងកម្លាំងយោធារបស់អ៊ីស្រាអែលបានចេញសេចក្តីរាយការណ៍ថាកំពុងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ឬហៅកាត់ថា AI ដើម្បីពន្លឿនការកំណត់គោលដៅវាយប្រហារតាមអាកាសរបស់ខ្លួន និងដោះស្រាយផែនការដឹកជញ្ជូនសម្រាប់ប្រតិបត្តិការវាយឆ្មក់ជាបន្តបន្ទាប់ ពោលគឺនៅចំពេលមានភាពតានតឹងកើនឡើងនៅក្នុងទឹកដីប៉ាឡេស្ទីនដែលអ៊ីស្រាអ៊ែលកំពុងកាន់កាប់។
សេចក្តីប្រកាសដដែលនេះបានពន្យល់ទៀតថាប្រព័ន្ធកំណត់គោលដៅដែលមានមូលដ្ឋានលើប្រព័ន្ធគ្រប់គ្រងតាមបែប AI អាចដំណើរការជាមួយនឹងទិន្នន័យដ៏ច្រើន និងយ៉ាងឆាប់រហ័ស ដើម្បីផ្តល់អាទិភាព និងកំណត់គោលដៅរាប់ពាន់ដងទាំងប្រតិបត្តិការដោយយន្តហោះ ចម្បាំងដោយពីឡុត និងយន្តហោះគ្មានមនុស្សបើក។
គួរឲ្យដឹងដែរថា ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងយេរូសាឡឹមទើបតែបានបង្កើនការវាយប្រហារតាមអាកាសទៅលើតំបន់ West Bank ដែលខ្លួនកំពុងកាន់កាប់និងគោលដៅផ្សេងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអ៊ីស្រាអ៊ែលហៅវាថាជាប្រតិបត្តិការប្រឆាំងភេរវកម្មប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក្តី មានក្រុមអ្នកជំនាញជាច្រើនបានលើកឡើងអំពីការព្រួយបារម្ភរបស់ពួកគេជាពិសេសទៅលើផលអាក្រក់ដែលអាចកើតមានចេញពីការគណនានិងវាស់វែងមិនត្រឹមត្រូវដោយបច្ចេកវិទ្យា AI ក៏ដូចជាការសម្រេចចិត្តកាត់បន្ថយកម្លាំងមនុស្សក្នុងផ្នែកគ្រប់គ្រងបច្ចេកវិទ្យានៅពេលដែលបច្ចេកវិទ្យាមួយនេះកាន់តែរីកចម្រើននាពេលអនាគត៕
លោក សន ស៊ុនលី | Mr. San Sounlyអ្នកសារព័ត៌មានអន្តរជាតិ