ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាពនាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ និងបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
សម្ដេចធិបតី បានលើកទឹកចិត្តឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា បន្តសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីជំរុញការនាំចេញផ្ទាល់ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាមួយតម្លៃបន្ថែមខ្ពស់ ក៏ដូចជាការចូលរួមផ្តល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ប្រជាកសិករ សំដៅលើកកម្ពស់គុណភាពផលិតផល និងបង្កើនផលិតភាព ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីការវិវឌ្ឍរីកចម្រើននៃផលិតកម្មស្រូវអង្ករកម្ពុជាឱ្យបានទូលំទូលាយ។
សូមជម្រាបថា ក្នុងជំនួបនេះ ក៏មានកិច្ចពិភាក្សាពិសេសលើការវិនិយោគ ការធ្វើពាណិជ្ជកម្មស្រូវ និងអង្ករកម្ពុជា ដែលជាវិស័យដ៏មានសក្តានុពលមួយសម្រាប់សេដ្ឋកិច្ច ក៏ដូចជាប្រជាកសិកររបស់កម្ពុជា ដោយក្នុងជំនួបនេះដែរ ក្រៅពីប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជាក៏មានវត្តមាន រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ និងការធ្វើពាណិជ្ជកម្ម ដូចជា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផងដែរ។
អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការចូលរួមចំណែកជំរុញការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥,៥៦២តោន ទទួលបានចំណូល ៤១៣លានដុល្លារអាមេរិក។
តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៥ក្រុមហ៊ុន ការនាំចេញអង្ករកម្ពុជា បានទៅកាន់គោលដៅចំនួន៦៧។ ក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបមានចំនួន២៦ ក្នុងបរិមាណអង្ករចំនួន ២៨៣,៩៨១តោន គិតជាទឹកប្រាក់ចំនួន ២០៧.៥៥លានដុល្លារ ។ ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១០៩,៤៤៨តោន គិតជាទឹកប្រាក់ចំនួន ៦៩.៩៧លានដុល្លារ ។
បន្ថែមលើនេះ ក៏បាននាំទៅកាន់បណ្តាប្រទេសអាស៊ានចំនួន៧ប្រទេស រួមទាំងទីម័រខាងកើត ក្នុងបរិមាណ ១១៣,៧៩២តោន គិតជាទឹកប្រាក់ចំនួន៧៦.៣៤លានដុល្លារ និងទៅកាន់គោលដៅ ៣១ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញូវហ្សេឡេន ។ល។ បានចំនួន ៦៨, ៣៤១តោន គិតជាទឹកប្រាក់ចំនួន ៦០.០៤លានដុល្លារ។
របាយការណ៍ ក៏បានបង្ហាញថា កម្ពុជាបាននាំចេញស្រូវចំនួន ៤,៦៤២,៥១១តោន (ស្រូវសើម) ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១,៣៧៨.៧៣លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ៨៨ភាគរយ បាននាំចេញដោយឆ្លងកាត់ការស្នើសុំ ការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕