ទោះបីជាមិនបានប្រកាសជាសាធារណៈ និងលាក់បាំងរហូតមកក្តី ប៉ុន្តែផែនការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី៦នេះបានធ្វើឲ្យពិភពលោកដឹងកាន់តែច្បាស់តាំងតែពីឆ្នាំ២០១៩មកម្ល៉េះនៅពេលដែលវាត្រូវបានបែកធ្លាយនៅក្នុងបណ្តាញសង្គមចិន WeChat ដោយក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មអាកាសចរណ៍នៃប្រទេសចិន Aviation Industry Corporation of China (AVIC)។
កាលពីឆ្នាំនោះ លោក Wang ក៏បានលើកឡើងដែរអំពីមុខងារសំខាន់ៗរបស់យន្តហោះចម្បាំងជំនាន់ថ្មីដែលមានទាំងជម្រើសគ្មានពីឡុតបើក និងមានពីឡុតបើក មុខងារដែលមានបំពាក់បច្ចេកវិទ្យាឆ្លាតវ៉ៃ AI ក៏ដូចជាការបង្កើនប្រសិទ្ធភាពនៃបច្ចេកវិទ្យា sensor ឲ្យបានកាន់តែធំនៅគ្រប់មុំទៀតផង។
នៅក្នុងឆ្នាំ២០២២ មេបញ្ជាការទ័ពអាកាសអាមេរិកបានអះអាងថា កិច្ចខិតខំរបស់ចិនកំពុងស្ថិតនៅក្នុងដំណើរការរួចទៅហើយ។ បន្ថែមលើសពីនេះ លោក Rick Joe ដែលជាអ្នកតាមដានព័ត៌មានរបស់សព្វាវុធមហាយក្សចិនក៏បានបង្ហាញពីភាពជឿជាក់ថា ទាំងកិច្ចការងារឯកសារការឌីសាញរបស់ក្រុមការងារ AVIC សម្រាប់យន្តហោះចម្បាំងជំនាន់ទី៦នឹងក្លាយទៅជាការពិតក្នុងពេលឆាប់ៗនេះ ហើយមិនត្រឹមតែប៉ុណ្ណោះលោកក៏បានតាមដានឃើញតាមប្រព័ន្ធផ្កាយរណបអំពីទីតាំង និងរូបរាងខ្លះៗរបស់វាផងដែរ ដែលកំពុងស្ថិតនៅក្រោមការធ្វើការនៅឯមូលដ្ឋានស្រាវជ្រាវអវកាស Chengdu Aerospace កាលពីខែតុលាឆ្នាំ២០២១ ហើយយន្តហោះនេះទំនងជាបានហោះហើរសាកល្បងខ្លះមកហើយដែរ។
យ៉ាងណាក៏ដោយ ទោះបីជាមិនអាចបញ្ជាក់ និងស្រាវជ្រាវរកបានព័ត៌មានលំអិតបន្ថែមអំពីបច្ចេកវិទ្យាយន្តហោះជំនាន់ថ្មីនេះ ប៉ុន្តែលោក Joe បានកំណត់ឈ្មោះយន្តហោះចម្បាំងនេះអាចនឹងមានឈ្មោះថា J-XD បើនិយាយអំពីបច្ចេកវិទ្យាម៉ាស៊ីនវិញ មកទល់ពេលនេះលោកអាចប៉ាន់ស្មានថាមិនទាន់មានកម្រិតដល់យន្តហោះចម្បាំងទំនើបបំផុតរបស់អាមេរិកនៅឡើយទេ។