ជាមួយគ្នានេះ ដើម្បីអាចបញ្ជាក់អំពីទំហំនៃភាពចាំបាច់របស់ Sustainable Infrastructure ក្នុងការឈានទៅសម្រេចឲ្យបាននូវពិភពលោក Net Zero ត្រឹមឆ្នាំ២០៥០នោះ អ្នកជំនាញជាច្រើនបានចូលរួមធ្វើការគណនាវាទៅជាតួលេខ និងដាក់បង្ហាញជាសាធារណៈនូវរបាយការណ៍ស្រាវជ្រាវជាច្រើនរួចមកហើយ។
យោងតាមរបាយការណ៍កាលពីខែកញ្ញាដែលមានចំណងជើងថា “Closing the sustainable infrastructure gap to achieve net zero” មិនត្រឹមតែបានបង្ហាញអំពីទំហំនៃបញ្ហាក្នុងផែនការនោះទេ វាក៏បានបង្ហាញអំពីតម្រូវការវិនិយោគដែលពិភពលោកត្រូវការចាំបាច់សម្រាប់ត្រៀមក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តភាពផងដែរ។
ក្រុមការងារអ្នកជំនាញដោយ EY and FIDIC ដែលជាអង្គការអ្នកជំនាញប្រឹក្សាដ៏ធំបំផុតមួយរបស់ពិភពលោកលើកិច្ចការងារអភិវឌ្ឍសំណង់ និងអគារបានបញ្ចេញការព្យាករណ៍ថ្មីនៅក្នុងវេទិកា Global Leadership Forum ប្រព្រឹត្តទៅកាលពីខែសីហាកន្លងមកដោយបានព្រមានថាពិភពលោកចាំបាច់ត្រូវការប្រាក់វិនិយោគដល់ទៅជាង ៦៤ទ្រីលានដុល្លារបន្ថែមទៀតដើម្បីអាចសម្រេចបាននូវការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តភាពស្របតាមផែនការ Net Zero ត្រឹមឆ្នាំ២០៥០។
លោក Chris Lewis ប្រធានផ្នែកហេដ្ឋារចនាសម្ព័ន្ធសកលនៅ EY ដែលជាសហការីនិពន្ធរបស់របាយការណ៍នេះបានពន្យល់ថា ពិភពលោកត្រូវការចំណាយទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពសរុបចំនួន១៣៩ទ្រីលានដុល្លារត្រឹមឆ្នាំ២០៥០ ដើម្បីសម្រេចបានផែនការ Net Zero។ ការវិភាគបានបង្ហាញថា គោលនយោបាយបច្ចុប្បន្នបានដោះស្រាយកិច្ចការងារនេះមានទំហំត្រឹមតែ៧៥ទ្រីលានដុល្លារនៅឡើយទេដែលមានន័យថា ចាំបាច់ត្រូវការយ៉ាងហោចណាស់ ៦៤ទ្រីលានដុល្លារបន្ថែមទៀត។