ក្នុងអំឡុងពេលការរាតត្បាតកូវីដ-១៩ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានជ្រើសរើសបុគ្គលិកបន្ថែមទៀតបន្ទាប់ពីមើលឃើញការកើនឡើងនៃប្រាក់ចំណូល និងតម្រូវការអតិថិជន ប៉ុន្តែនៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ ក្រុមហ៊ុនជាច្រើនប្រឈមនឹងបញ្ហាចំនួនបុគ្គលិកច្រើនពេក។ ជាក់ស្ដែង ក្នុងប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ Meta Microsoft Amazon Snapchat និង Twitter បានប្រកាសពីការកាត់បន្ថយកម្លាំងការងារ និងបុគ្គលិករាប់ម៉ឺននាក់។
ក្រុមហ៊ុន Meta ពឹងផ្អែកខ្លាំងលើប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ប៉ុន្តែប្រាក់ចំណូលធ្លាក់ចុះនៅត្រីមាសជាប់ៗគ្នាក្នុងឆ្នាំនេះ ខណៈដែលក្រុមហ៊ុនដូចជា Amazon Nintendo និង Microsoft បានខាតបង់ប្រាក់ចំណេញនៅក្នុងត្រីមាសមួយចំនួនក្នុងឆ្នាំនេះផងដែរ។ ក្រុមហ៊ុន Nintendo បាននិយាយថា ការលក់ Switch ត្រូវបានរងផលប៉ះពាល់ដោយសារបញ្ហាផលិតកម្មខ្វះខាតបន្ទះឈីប ជាបញ្ហាដែលបានប៉ះពាល់ដល់ Sony និង PlayStation 5 ផងដែរ។