ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹងសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ACFIC) ក្នុងគោលបំណងចូលរួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងលើកកម្ពស់ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនងវិនិយោគរវាងប្រជាជាតិទាំងពីរកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួបពិភាក្សានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនសៀងហៃ ដែលដឹកនាំដោយលោក ស៊ូ ហ្ស៊ីស៊ិ (Shou Ziqi) ប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មសៀងហៃ និងជាអនុប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិនទាំងអស់ (All-China Federation of Industry and Commerce) ដែលដឹកនាំគណៈប្រតិភូចិនសៀងហៃបំពេញទស្សនកិច្ចនៅកម្ពុជា ឆ្លុះបញ្ចាំងពីចំណងទាក់ទងដ៏រឹងមាំរវាងកម្ពុជា-ចិន ដែលមានចំណងកាទូតនឹងគ្នាតាំងពីឆ្នាំ១៩៥៨ មកម្ល៉េះ។
អ្នកឧកញ៉ាប្រធាន បានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា តែងតែសហការយ៉ាងជិតស្និទ្ធជាមួយភាគីចិន ហើយជំនួបពិភាក្សានាពេលនេះនឹងជួយពង្រឹងទំនាក់ទំនងល្អប្រសើរថែមមួយកម្រិតទៀត ជាពិសេស ការចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ។
ជាការកត់សម្គាល់ថ្មីៗនេះ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាលប្រទេសទាំងពីរបានប្តេជ្ញាសម្រេចឱ្យបាននូវវិបុលភាពរួម និងផ្តោតជាសំខាន់លើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ លើវិស័យអាទិភាពចំនួន ៦ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម វិស័យកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
អ្នកឧកញ៉ា គិត ម៉េង បានជំរុញលើកទឹកចិត្តវិនិយោគិនចិនបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ដែលជាទីតាំងដ៏សមស្របបំផុត ដោយកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ មានស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង ថ្លៃដើមមានលក្ខណៈប្រកួតប្រជែង មានទីតាំងភូមិសាស្ត្រនៅចំកណ្តាលអាស៊ានដែលមានទីផ្សារធំទូលាយនៅទូទាំងពិភពលោក និងមានបរិយាកាសធុរកិច្ចល្អប្រសើរ។ សភាពាណិជ្ជកម្មកម្ពុជា នឹងធ្វើការរួមគ្នាដើម្បីរៀបចំព្រឹត្តិការណ៍ផ្គូផ្គងពាណិជ្ជកម្ម គណៈប្រតិភូពាណិជ្ជកម្ម និងវេទិកាវិនិយោគ ការតភ្ជាប់អាជីវកម្ម និងលើកកម្ពស់ភាពជាដៃគូដែលមានសក្តានុពល។
លោក ស៊ូ ហ្ស៊ីស៊ិ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មសៀងហៃ និងសម្តែងនូវការកោតសរសើរចំពោះ សភាពាណិជ្ជកម្មកម្ពុជា ក្នុងការចូលរួមជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាព និងចំណងកាទូតប្រទេសទាំងពីរ។
លោក Shou Ziqi បានគូសបញ្ជាក់អំពីទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់ថា កម្ពុជាមានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យសំខាន់ៗដូចជា កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងកាម្មន្តសាល។ ភាគីទាំងពីរក៏បានលើកឡើងពីទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងចិនដែលកំពុងកើនឡើងផងដែរ។
ការចូលរួមរបស់សហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មសៀងហៃ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលមានសមាជិកជាង១០ម៉ឺនក្រុមហ៊ុន។ គណៈប្រតិភូសៀងហៃដែលមកបំពេញធុរកិច្ចនៅកម្ពុជា រួមមានក្រុមហ៊ុនផលិតម៉ាស៊ីនបូមទឹក ក្រុមហ៊ុនផលិតសម្ភារៈវេចខ្ចប់ ក្រុមហ៊ុនផលិតផលអាហារសម្រន់ និងក្រុមហ៊ុនគ្របគ្រងអចលនទ្រព្យ តំបន់ឧស្សាហកម្ម និងសេវាកម្មវិនិយោគ។
គួរបញ្ជាក់ដែរថា ប្រទេសចិន គឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា។ ប្រទេសចិនគឺជាប្រភពដ៏ធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេស (FDIs) មកកាន់ប្រទេសកម្ពុជា ដែលស្មើនឹង ៤២ ភាគរយនៃ FDIs សរុបក្នុងឆ្នាំ២០២៣។ ការវិនិយោគរបស់ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរីកចម្រើនសេដ្ឋកិច្ចនាពេលថ្មីៗនេះរបស់កម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងរំហូរចូលនៃមូលបត្របរទេស។
ប្រទេសចិនក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា និងជាទីផ្សារសក្តានុពលមួយសម្រាប់ផលិតផលកម្ពុជា។ មហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះ ក៏ជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ធំជាងគេដល់កម្ពុជាផងដែរ។