ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានអនុម័តលើជំនួយហិរញ្ញប្បទាន ដោយបានផ្តល់ការយល់ព្រមលើគម្រោងមួយដែលមានតម្លៃសរុបចំនួន ១៦៣លានដុល្លារអាមេរិក សម្រាប់ឆ្លើយតបឱ្យបានឆាប់រហ័សជួយប្រទេសកម្ពុជានៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជាប្រយោជន៍ដល់ប្រជាជនជាង ១៧៥ ០០០ នាក់ នៅក្នុងខេត្តចំនួន៤ ។ នេះបើតាមសេចក្តីប្រកាសរបស់ធនាគារពិភពលោកនាថ្ងៃទីកាលពីពេលថ្មីៗកន្លងទៅនេះ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាភាគីអនុវត្តន៍សកម្មភាពពាក់ព័ន្ធការផ្គត់ផ្គង់ទឹកស្អាត ហើយក្រសួងសាធារណការ និងដឹកជញ្ជូន ជាភាគីអនុវត្តសកម្មភាពសេវាអនាម័យទីក្រុងនៅក្រោមគម្រោងនេះ។ ខេត្តទាំង៤ ដែលជាគោលដៅរបស់គម្រោង រួមមាន៖ ខេត្តបាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និងខេត្តកណ្តាល។
World Bank on glass building. Mirrored sky and city modern facade. Global capital, business, finance, economy, banking and money concept 3D rendering animation.
ថ្វីត្បិតប្រទេសកម្ពុជាមានវឌ្ឍនភាពច្រើននៅក្នុងការបង្កើនលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យគួរឱ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្តែនៅមានកិច្ចខិតខំដែលចាំបាច់ត្រូវធ្វើថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG 6) ស្តីពីទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា ត្រឹមឆ្នាំ២០៣០។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា កិច្ចគាំទ្រនេះនឹងជួយរដ្ឋាភិបាលក្នុងការកសាងគ្រឹះរឹងមាំមួយសម្រាប់ផ្តល់សេវាចាំបាច់ទាំងនេះទៅដល់ប្រជាជនកម្ពុជា ហើយវានឹងនាំមកនូវអត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និងអ្នកក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្នមិនទាន់ទទួលបានសេវាទាំងនេះ។
គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (Water Supply and Sanitation Acceleration Project) នេះ មានរយៈពេល ០៦ ឆ្នាំ នឹងជួយដល់សកម្មភាពនានារបស់រដ្ឋាភិបាលនៅក្នុងការបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ការកែលម្អប្រតិបត្តិការ និងការថែទាំប្រព័ន្ធទឹកស្អាត និងអនាម័យដែលមាននាពេលបច្ចុប្បន្ន និងក្នុងការធានាដល់ចីរភាពរបស់សេវាទាំងនេះ។
គម្រោងនេះមានសកម្មភាពមួយសម្រាប់បង្កើនការវិនិយោគហិរញ្ញវត្ថុឱ្យអស់លទ្ធភាពសម្រាប់ការអភិវឌ្ឍ ដោយធ្វើការជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលកំពុងចូលរួមចំណែកជាងពាក់កណ្តាលនៃបណ្តាញទុយោទឹកទាំងអស់នៅកម្ពុជា នៅក្នុងការកៀរគរធនធានចំនួនប្រមាណ ១៧,៦លានដុល្លារអាមេរិកបន្ថែមទៀតពីប្រភពឯកជន សម្រាប់ពង្រីកការផ្គត់ផ្គង់សេវាទឹកស្អាត។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ការផ្គត់ផ្គង់ទឹកស្អាតជាវិស័យអាទិភាពមួយសម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព និងសម្រាប់ការពង្រឹងសេដ្ឋកិច្ច។ គម្រោងនេះនឹងជួយរដ្ឋាភិបាលក្នុងការអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់ខ្លួន ជាមួយនឹងការប្តេជ្ញា ធានាឱ្យមានកំណើនប្រកបដោយចីរភាពនៅក្នុងវិស័យនេះ ក៏ដូចជាក្នុងការឈានទៅសម្រេចគោលដៅ SDG 6ឱ្យបានផងដែរ៕