ធនាគារ ABA បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយប្រតិបត្តិការធុរកិច្ចរបស់ខ្លួនបានបង្កើតឱកាសការងារ និងវឌ្ឍនភាពជាបន្ដបន្ទាប់ទៅក្នុងវិស័យធនាគារ។
គួរបញ្ជាក់ផងដែរថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ធនាគារ ABA បានទទួលដើមទុនបន្ថែម ២២០ លានដុល្លារ ពីធនាគារជាតិកាណាដា។ ការបង្កើនដើមទុននេះ បង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេរបស់ភាគហ៊ុនិក ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈដែលពួកគាត់តែងតែបន្ដបង្វិលប្រាក់ចំណេញទាំងអស់របស់ខ្លួនដាក់ចូលក្នុងអេកូស៊ីស្ទែម ABA វិញ ដោយផ្តោតលើវឌ្ឍនភាពបន្តនៃបច្ចេកវិទ្យាទំនើបៗ និងការអភិវឌ្ឍជាបន្តបន្ទាប់លើធនធានមនុស្សរបស់ធនាគារ។
ក្នុងចំណោមបណ្តាអាទិភាពចម្បងរបស់ខ្លួន ABA នឹងវិនិយោគនៅក្នុងបច្ចេកវិទ្យាទំនើបថ្មីៗចុងក្រោយ ដែលនឹងពង្រឹងសេវាធនាគារឌីជីថល និងគាំទ្រដល់ភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេស។ ដោយផ្តោតលើអាទិភាពទាំងនេះ ABA មានគោលបំណងផ្ដល់អានុភាពដល់បណ្ដាអាជីវកម្មក្នុងស្រុក និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅគ្រប់វិស័យ។
កំណើនគួរឲ្យកត់សម្គាល់របស់ធនាគារ ABA ដែលសម្រេចបាន មិនមែនអាស្រ័យលើត្រឹមហិរញ្ញវត្ថុរឹងមាំ និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការអភិវឌ្ឍធនធានមនុស្សផងដែរ។ ជាមួយការបង្កើតឱកាសការងារជាង ៩៣០០ ធនាគារផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្ដាល បំពាក់បំប៉នបុគ្គលិក និងលើកកម្ពស់វប្បធម៌នៃការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ABA មានមោទនភាពយ៉ាងក្រៃលែងចំពោះជំនួបថ្មីៗនេះរវាងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជាមួយធនាគារជាតិកាណាដា និងបណ្ដាវិនិយោគិននៅក្នុងប្រទេសកាណាដា ដោយពង្រឹងបន្ថែមទៀតលើការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈសេវាកម្មធនាគារទំនើបៗ និងការបន្ដវិនិយោគសម្រាប់អនាគតប្រកបដោយសុទិដ្ឋិនិយមរបស់ប្រទេស។